Detail Top Banner

ការប្រកាសពិធីបើកដំណើរការជាផ្លូវការ នៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤»

ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមក្នុងបើកជាផ្លូវការយុទ្ធនាការភ្នំពេញស្អាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៤នេះ យុទ្ធនាការភ្នំពេញស្អាត ត្រូវបានរៀបចំឡើងក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្ដសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ដែលផ្ដោតទៅលើ ទី១) ភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា និងកសាងបន្ថែមនូវភាពជាខ្មែរនេះ ទី២) ការអភិវឌ្ឍធនធានមនុស្សគឺចាំបាច់ ក្នុងការត្រៀមប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ និងទី៣) ប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសាគ្នាទៅវិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និងសង្គម។ ក្នុងន័យនេះ ការលើកកម្ពស់អនាម័យបរិសា្ថន មេត្រីភាពបរិស្ថាន ការកាត់បន្ថយ និងកែច្នៃសំរាម ជាផ្នែកមួយ ក្នុងចំណោមផ្នែកជាច្រើនទៀត ដែលនឹងសម្រេចបានតាមរយៈការចូលរួមអនុវត្តនូវទិសស្លោកខាងលើ។
ទាញចេញពីគោលបំណងខាងលើនេះ លោក ហៃ ភិរម្យ បានគូសបញ្ជាក់ថា តាមរយៈទិសស្លោកថ្មីនេះ គម្រោងស្អាតបានដាក់ចេញនូវផែនការសកម្មភាពធំៗ ចំនួនបួន រួមមាន ៖
– ទី១. «ក្លិបយុវជនស្អាត (SAAT YOUTH CLUB) និងក្រុមបណ្ដាញស្អាត (SAAT ALUMNI)»,
– ទី២. «ចិត្តខ្ញុំស្អាត ខ្មែរស្អាត»
– ទី៣. «ជំរំស្អាត ខ្មែរស្អាត» និងទី
– ៤. «ធុរកិច្ចយើងស្អា ត ខ្មែរស្អាត»។
យើងជឿជាក់យ៉ាងមុតមាំថា ខ្មែរស្អាតគឺ ផ្តើមចេញពីការមានផ្នត់គំនិតវិជ្ជមាន ក្នុងនាមជាខ្មែរមួយរូប ការរួបរួមសាមគ្គីក្រោមទង់ជាតិខ្មែរតែមួយ ឥរិយាបទថ្លៃថ្នូរ របស់ប្រជាជនខ្មែរគ្រប់រូប និងការប្រតិបត្តិស្អាតប្រកបទៅដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាកូនខ្មែរនិងជាប្រជាជនខ្មែរមួយរូបនៅក្នុងសង្គម៕ ក្រសួងយុត្តិធម៌
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង