ឯកឧត្តមអ្នកនាំពាក្យក្រសួងបរិស្ថាន៖ «ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា កម្រិតនៃការបំពុលមិនទាន់ឈានដល់ការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៅឡើយទេ

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះថា បើតាមទិន្នន័យដែលទទួលបានពីឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅកម្ពុជា បានបង្ហាញអំពី ការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យកត់សម្គាល់នៅអំឡុងពេលប៉ុន្មានថ្ងៃនេះ ជាពិសេសការកើនឡើងកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមានតូចជាងឬស្មើ ២,៥ មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស ប៉ុន្តែកម្រិតនៃការបំពុលខ្យល់នៅកម្ពុជា គឺមិនទាន់ឈានដល់ការបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពនៅឡើយ។

ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ការធ្លាក់ចុះគុណភាពខ្យល់នេះ មានប្រភពមកពីការបញ្ចេញផ្សែងពីយានយន្ត រោងចក្រ ឧស្សាហកម្ម ការដុតសំណល់កសិកម្ម ភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង ការដុតសំរាមសំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត រួមផ្សំនឹងកត្តាប្រែប្រួលធាតុអាកាស»។

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ការដុតទន្ទ្រានដីព្រៃ និងសកម្មភាពផ្សេងៗទៀតដែលអាចធ្វើឱ្យគុណភាពខ្យល់មានការធ្លាក់ចុះ និងសូមធ្វើការតាមដាន និងការពារសុខភាពដោយត្រូវអនុវត្តវិធានការមួយចំនួនដូចជា កាត់បន្ថយសកម្មភាពខាងក្រៅ និងចៀសវាងស្ថិតនៅទីកន្លែងដែលមានមនុស្សច្រើនកុះករ ការប្រើម៉ាសដែលអាចការពារលម្អងធូលីតូចៗបាន ហើយបើស្ថានភាពសុខភាពដូចជា ការក្អក ការពិបាកដកដង្ហើម ឈឺទ្រូង ឈឺក្បាល ។ល។ គួរតែពិគ្រោះជាមួយគ្រូពេទ្យ។

ឯកឧត្តមបញ្ជាក់បន្ថែមទៀតថា ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាព គុណភាពខ្យល់នៅក្នុងកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ និងអំពាវនាវដល់ពលរដ្ឋធ្វើការតាមដាន ព័ត៌មានផ្លូវការដែលក្រសួងបានចេញផ្សាយ។

ដោយឡែក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ដែលនៅតាមតំបន់វាលទំនាប តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងតំបន់មាត់សមុទ្រ នឹងមានបាតុភូតចុះអ័ព្ទកើតឡើង ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ហើយបាតុភូតនេះ នឹងរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ថែមពីលើនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាសចុះអ័ព្ទនេះ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ៕ by AKP ដោយ ផែន រតនៈ

អត្ថបទដែលជាប់ទាក់ទង