«ប្រហែលជាយើងអាចនឹងពិចារណាធ្វើវាជាថ្មី ម្ដងទៀត ខ្ញុំមិនច្បាស់ទេ តែយើងប្រហែល​ជា​អាចនឹងពិចារណាឡើងវិញ» លោក ដូណាល់ ត្រាំ ពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាព​ពិភព​លោក WHO

LAS VEGAS៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters : ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ ទី២៥ ខែមករា បាននិយាយ​ថា លោកអាចនឹងពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាព​ពិភព​លោក WHO ឡើងវិញ ប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានបញ្ជាឱ្យសហរដ្ឋអាមេរិកដកខ្លួន​ចេញពី​ទីភ្នាក់ងារ​សុខាភិបាល​សកលមួយនេះ ដោយចោទថាគ្មានសមត្ថភាពដោះស្រាយ​កូវី១៩ និងវិបត្តិ​សុខាភិបាលសកលដទៃ។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកគាំទ្រនៅទីក្រុង Las Vegas។ សហរដ្ឋអាមេរិក មកទល់បច្ចុប្បន្នគឺជាម្ចាស់ជំនួយធំបំផុតរបស់ WHO ជាមួយការចូលរួម វិភាគទាន ១៨ភាគរយនៃវិភាគទានបង់ដោយសមាជិកទាំងអស់ ហើយកញ្ចប់ថវិការបស់ WHO សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥ គឺមានទំហំ ៦.៨ពាន់​លានដុល្លារ។ លោក ត្រាំ បានប្រាប់ក្រុមអ្នកគាំទ្រថា លោកមិនសប្បាយចិត្តទាល់​តែសោះ ដែលសហរដ្ឋអាមេរិកត្រូវបង់វិភាគទានឱ្យ WHO ច្រើនជាងចិន ដែលមានប្រជាជន​ដ៏ច្រើន។ ប៉ុន្តែ ដោយមិនបានបញ្ជាក់ឱ្យច្បាស់ លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក​អាចនឹងពិចារណាត្រឡប់ចូលរួមជាមួយអង្គការសុខភាពពិភពលោក WHO ឡើងវិញ។​ «ប្រហែលជាយើងអាចនឹងពិចារណាធ្វើវាជាថ្មី ម្ដងទៀត។ ខ្ញុំមិនច្បាស់ទេ តែយើងប្រហែល​ជា​អាចនឹងពិចារណាឡើងវិញ»។ នេះជាការកត់សម្គាល់របស់លោក ត្រាំ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក គ្រោងនឹងចាកចេញពី WHO នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ បន្ទាប់ពីលោក ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិកចេញ​កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍ កន្លងទៅនេះ បន្ទាប់ពីស្បថចូលកាន់តំណែងជាប្រធានា​ធិបតី​អាមេរិក​សម្រាប់អាណត្តិទី២ របស់លោក៕by fn
អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង