គ្រឿងស្រវឹងផ្ដល់ផលប៉ះពាល់សុខភាពយ៉ាងណាខ្លះដល់អ្នកកើតជំងឺទឹកនោមផ្អែម
សុខភាព៖ ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយដែលបណ្ដាលមកពីអត្រាជាតិស្ករនៅក្នុងឈាមកើនលើសពីធម្មតា ដែលជាធម្មតាយើងចាត់ទុកថាជាជំងឺរ៉ាំរ៉ៃ ហើយត្រូវការពិនិត្យ និងតាមដានសុខភាពជាប្រចាំជាមួយគ្រូពេទ្យ ព្រោះអាចនឹងមានផលវិបាកនៅថ្ងៃក្រោយជាក់ជាមិនខាន។
និយមន័យជាក់ស្ដែងជំងឺទឹកនោមផ្អែមនេះមានន័យថាជាការកើនឡើងជាតិស្កររ៉ាំរ៉ៃនៅក្នុងឈាមរបស់យើង។បានន័យថាជាតិស្កររបស់យើងនៅពេលដែលយើងហូបចំណីរអាហារដែលមានជាតិផ្អែមវាត្រូវបានបំលែងទៅជាសាធារតុចិញ្ចឹម ឬក៏ថាមពលដោយសរីរាង្គកាយរបស់យើង តាមរយៈជួយជ្រោមជ្រែងពីអកម៉ូនម្យ៉ាង ដែលបញ្ចេញពីលំពែងរបស់យើង ហៅថាអកម៉ូនអ៊ីនសូលីន នៅពេលដែលអ្នកជំងឺមានបញ្ហាទឹកនោមផ្អែម ជាតិស្ករ ទាំងអស់នោះមិនអាចយកទៅប្រើប្រាស់បំលែងជាថាមពលបានទាំងស្រុងនោះទេ ជាហេតុធ្វើឱ្យមានចាល់ជាតិស្ករនៅក្នុងឈាម ដល់ពេលចាល់រ៉ាំរ៉ៃទៅ បានជាគេហៅថាជំងឺទឹកនោមផ្អែមនេះឯង។ ជំងឺទឹកនោមផ្អែម មិនមែនជាជំងឺទើបតែមាននោះទេ ប៉ុន្តែជំងឺនេះបានកើតជាយូរណាស់មកហើយ ដោយគ្រូពេទ្យតាំងពីសម័យអេស៊ីប ក្រិច ឬរូម៉ាំងបានរកឃើញ គ្រាន់តែសម័យនោះ បច្ចេកវិទ្យាមិនទាន់ជឿនលឿន ក្រុមគ្រូពេទ្យគាត់ធ្វើការសង្កេតទៅលើអាការៈរបស់អ្នកជំងឺ ដូចជាទឹកនោមរបស់អ្នកកើតទឹកនៅមផ្អែមត្រូវបានស្រមោចរោមជាដើម។
បច្ចុប្បន្នជំងឺទឹកនោមផ្អែមបានកើតទៅលើមនុស្សគ្រប់វ័យ ចាប់តាំងពីកុមាររហូតដល់មនុស្សវ័យចាស់ ។ មន្ត្រីជំនាញបានអះអាងថា ការទទួលទានអាហារមិនល្អសម្រាប់សុខភាព ការពិសាបារី ការទទួលទានគ្រឿងស្រវឹងហួសកម្រិត ការលើសទម្ងន់ជាដើម ដែលជាកត្តា ប្រឈមនាំឱ្យកើតមានជំងឺទឹកនោមផ្អែម ។ ជំងឺទឹកនោមផ្អែមមានការកើនឡើងជារៀងរាល់ឆ្នាំ នៅប្រទេសក្នុងកម្ពុជា ដោយសារជំងឺនេះជាជំងឺលាក់មុខមិនបញ្ចេញរោគសញ្ញាឱ្យដឹងក្នុងពេលដំណាក់កាលដំបូងនោះទេ។ លោកវេជ្ជបណ្ឌិត ទូច ឃុន ប្រធានមជ្ឈមណ្ឌលជំងឺទឹកនោមផ្អែមកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានមានប្រសាសន៍ថាបច្ចុប្បន្ន នៅលើសកលលោក ក៏ដូចជានៅប្រទេសកម្ពុជា ប្រជាជនកើតជំងឺទឹកនោមផ្អែមប្រភេទទី២ច្រើនជាងគេ ហើយជំងឺប្រភេទទី២នេះ មិនលេចចេញជារោគសញ្ញានៅតំណាក់កាលដំបូងៗនោះទេ ប៉ុន្តែវាអាចចេញជារោគសញ្ញាសម្គាល់ឱ្យយើងដឹងដូចជា នោមញឹក ស្រវាំងភ្នែក ស្រកទំងន់ជាដើម នៅពេលដែលជាតិស្ករកើនឡើងខ្ពស់នៅក្នុងខ្លួនរយៈពេល៥ទៅ១០ឆ្នាំមកហើយ។ «ពេលដែលលេចចេញរោគសញ្ញានោះ គឺផលវិបាកយ៉ាងហោចណាស់១ឬ២រួចទៅហើយ ដូចជាបញ្ហាប៉ះពាល់ទៅលើភ្នែក បេះដូងឬក៏តំរងនោមជាដើម។ ចឹងហើយបានជាចាប់ពីពេញវ័យទៅ ឬក៏អ្នកដែលមានការលើសទំងន់ ឬក៏មានបងប្អូនសមាជិកក្នុងគ្រួសារមានកើតទឹកនោមផ្អែម គប្បីទៅពិនិត្យរកមើលជាតិស្ករឱ្យបានលឿនបំផុត ដើម្បីយើងងាយដឹងទាន់ពេលវេលា។ ចឹងរោគសញ្ញាទាំងអស់នេះនៅពេលដែលកើតជំងឺទឹកនោមផ្អែមប្រទេទី២នេះ នៅមិនទាន់មានថ្នាំព្យាបាលឱ្យជាសះ ស្បើយនោះទេ ការព្យាបាលដោយឱសថរាល់ថ្ងៃនេះ គ្រាន់តែគ្រប់គ្រងនូវអត្រាជាតិស្ករឱ្យបានល្អ ដើម្បីជៀសវៀងនូវផលវិបាកដែលអាចកើតឡើងនៅថ្ងៃខាងមុខ»។
លោកវេជ្ជបណ្ឌិត ទូច ឃុន បានលើកឡើងទៀតថា «ជំងឺទឹកនោមផ្អែមទោះបីមិនមានថ្នាំព្យាបាល ឱ្យជាដាច់ ប៉ុន្តែអ្នកជំងឺអាចមានសុខភាពល្អនិងរស់នៅដូចអ្នកដទៃដែរ ប្រសិនបើពួកគាត់ធ្វើការព្យាបាលតាមវេជ្ជបញ្ជាត្រឹមត្រូវរួមទាំងការគ្រប់គ្រងអាហារប្រចាំថ្ងៃផងនោះ ជាពិសេសការតមគ្រឿងស្រវឹងប្រសិនបើអ្នកជំងឺទឹកនោមផ្អែមឧស្សាពិសារគ្រឿងស្រវឹងវាធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួន។ គ្រឿងស្រវឹងមានកាឡូរីខ្ពស់ ជាពិសេសអ្នកជំងឺទឹកនោមផ្អែមពិបាកគ្រប់គ្រងជាតិស្ករ ហើយគ្រឿងស្រវឹងអាចកាត់បន្ថយប្រសិទ្ធភាពនៃថ្នាំទឹកនោមផ្អែមទាំងថ្នាំចាក់ និងថ្នាំលេប ហើយក៏ប៉ះ ពាល់ដល់ថ្លើមផងដែរប្រសិនបើពួកគាត់ទទួលទានគ្រឿងស្រវឹងច្រើន»។
ដោយឡែកលោកវេជ្ជបណ្ឌិត មុយ ស៊ាងហ៊ន់ អនុប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល ក៏បានគាំទ្រនូវការលើកឡើងខាងលើនេះដែរ ព្រោះថាគ្រឿងស្រវឹងមិនត្រឹមបង្កផលប៉ះពាល់ ចំពោះជំងឺទឹកនោមផ្អែមនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់សុខភាពដែលបង្កឱ្យកើតជំងឺផ្សេងៗជាច្រើនមុខទៀតផងដែរ។ «ទទួលទានមិនបានទេចំពោះអ្នកជំងឺទឹកនោមផ្អែម ហើយចំពោះឥទ្ធិពលគ្រឿងស្រវឹងនេះ គឺវាប៉ះពាល់ដល់សុខភាព សាធារណៈជនទូទៅមិនចំពោះតែអ្នកជំងឺទឹកនោមផ្អែមនោះទេ មួយទៀតអាចប៉ះពាល់ដល់សង្គម និងគ្រួសារ។ ដូច្នេះយើងមិនលើកទឹកចិត្តឱ្យពួកគាត់ពិសារគ្រឿងស្រវឹងនោះទេ ព្រោះគ្រឹងស្រវឹងប៉ះពាល់សុខភាពដូចជា ប៉ះពាល់ដល់ខួក្បាលអាចបណ្ដាលឱ្យមានជំងឺ ស្ទះសរសៃឈាមខួក្បាល អាចឱ្យដាច់សរសៃឈាមខួក្បាល ប៉ះពាល់ទៅលើជំងឺបេះដូង សរសៃឈាម រលាកថ្លើម ក្រិនថ្លើម រលាកលំពែង មហារីក ជំងឺទឹកនោមផ្អែម និងជំងឺលើសសំពាធឈាមជាដើម ហើយជំងឺទាំងអស់នេះបង្កឡើងដោយជាតិស្រវឹងហ្នឹង ដែលយើងតែងតែជួបប្រទះ»។
លោក សុខ គីមហុង ជាប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបានចែករំលែកនូវបទពិសោធន៍របស់ខ្លួនដែលបានកើតជំងឺទឹកនោមផ្អែមអស់រយៈពេលជាង១០ឆ្នាំមកហើយ។ «កាលនៅក្មេងខ្ញុំចូលចិត្តគ្រឿងស្រវឹង និងជក់បារី ដល់ចឹងខ្ញុំកើតជំងឺទឹកនោមផ្អែមហ្នឹងម៉ង ហើយក៏កំពុងទទួលការព្យាបាលតាមវេជ្ជបញ្ជាផងដែរ។ តាំងពីដឹងថាកើតជំងឺទឹកនោមផ្អែមមក ខ្ញុំតម គ្រឿងស្រវឹង និងឈប់ជក់បារី រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំតែងណែនាំប្រាប់អ្នកជិតខាងដែរ តែពួកគាត់ ឆ្លើយថា ធ្វើមិនបានមិនអាចផ្ដាច់បាននោះទេ» របបចំណីអាហារមានសារៈសំខាន់ណាស់សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ដែលតម្រូវឱ្យពួក គាត់ត្រូវរៀបចំឱ្យបានត្រឹមត្រូវ។
អ្នកនាង សុផល ជាប្រជាពលរដ្ឋរស់នៅខេត្តស្វាយរៀងបានលើកឡើងថា គ្រួសារអ្នកមីងមានការយល់ដឹងច្រើនពីវិធីការពារជំងឺទឹកនោមផ្អែម ដោយការអនុវត្តរស់នៅស្អាត ព្រមទាំងបរិភោគអាហារដែលត្រឹមត្រូវ។ «អាហារក្នុងគ្រួសារខ្ញុំ ខ្ញុំមិនសូវជាប្រើស្ករច្រើនទេ ព្រោះពួកគាត់អត់ចូលចិត្តផ្អែម បើនិយាយបន្លែវិញ យើងប្រើបន្លែធម្មជាតិដោយសារនៅក្នុងផ្ទះខ្ញុំមានបន្លែសព្វបែបយ៉ាង។ បើនិយាយជារួមការបរិភោគជាតិផ្អែម គឺមានការកាត់បន្ថយច្រើន ជាពិសេសជាតិផ្អែមគ្រឿងកំប៉ុងជាដើម»។
ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត មុយ ស៊ាងហ៊ន់ បានបន្ថែមទៀតថា «បច្ចុប្បន្នកំណើននៃអ្នកជំងឺទឹកនោមផ្អែមមានការកើនឡើងពីមួយឆ្នាំទៅមួយ ដូច្នេះក្រសួងសុខាភិបាលតែងតែចេញជាសារអប់រំ ដល់ប្រជាពលរដ្ឋឱ្យស្វែងយល់អំពីជំងឺទឹកនោមផ្អែម និងវិធីការពារជំងឺទឹកនោមផ្អែម ធ្វើការអប់រំទៅលើប្រជាជនទូទៅជាពិសេសប្រជាជននៅក្នុងសហគមន៍ ឱ្យយល់ដឹងពីវិធី ការពារជំងឺទឹកនោមផ្អែម ព្រោះជំងឺទឹកនោមផ្អែមយើងអាចការពារបាន តាមរយៈការផ្លាស់ប្ដូររបៀបរបបរស់នៅជាពិសេសចំណីអាហារនេះឯងតាមរយៈ តិចស្ករ តិចអំបិល តិចខ្លាញ់ ជាពិសេសយើងកុំ បរិភោគអាហារណាដែលមានជាតិស្ករខ្ពស់ធ្វើឱ្យកកើតជំងឺទឹកនោមផ្អែម។ ការយល់ដឹងរបស់ប្រជាជន យើងបច្ចុប្បន្ននេះនៅមានកម្រិតជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ ដូច្នេះក្រសួងសុខាភិបាល និងជម្រុញធ្វើយ៉ាងណាបញ្ជ្រាប វិធីការពារជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ជូនទៅដល់សហគមន៍ឱ្យកាន់តែប្រសើរឡើងនាពេលអនាគត»។
ជំងឺទឹកនោមផ្អែមមាន៣ប្រភេទគឺ -ប្រភេទទី១ ភាគច្រើនកើតទៅលើកុមារ -ប្រភេទទី២ ច្រើនកើតទៅលើមនុស្សពេញវ័យ និងចំណាស់ រីឯ -ប្រភេទី៣ ច្រើនកើតទៅលើស្ដ្រីអំឡុងពេលមានផ្ទៃពោះ បច្ចុប្បន្ននៅលើពិភពលោកក៏ដូចជានៅកម្ពុជាយើង ៩០ ទៅ ៩៥% អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទី២៕ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោកស្រី សន សាវិន
អរគុណសន្តិភាព