ពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីបិទ សន្និបាត​បូក​សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងក្រសួង,ស្ថាប័ន តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន មន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ។
តាមរយៈរបាយការណ៍សង្ខេបរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញអំពីសមិទ្ធ​ផល​វិជ្ជមានជាច្រើនដែលកើតចេញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់មន្ត្រីគ្រប់ជាន់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ ដែលនេះក៏ជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ តាមរយៈការចង្អុលបង្ហាញ និងជាពិសេសការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការចូលរួមអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗក្នុងវិស័យការងារ ជាអាទិ៍ ការលើកកម្ពស់លក្ខខណ្ឌការងារ ការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ការពង្រឹងយន្តការអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យអធិការកិច្ចការងារ និងក្រុមអធិការកិច្ចអន្តរក្រសួង ពង្រឹងប្រសិទ្ធភាពនៃយន្តការផ្តល់សេវាស្វែងរកការងារ ការពង្រឹងយន្តការគ្រប់គ្រងហត្ថពលកម្មបរទេស និងពង្រឹងការគ្រប់គ្រងទេសន្តរប្រវេសន៍ការងារជាដើម។ កិច្ចការទាំងអស់នេះមានសារៈសំខាន់ និងចាំបាច់ក្នុងការធានាថា សិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត និងនិយោជក ត្រូវបានការពារ ព្រមទាំងធានាបាននូវបរិយាកាសការងារ និងការវិនិយោគ ប្រកបដោយភាពជឿជាក់ និងទាក់ទាញ។
សម្រាប់វិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះដំណើរវិវត្តជាវិជ្ជមាន ដោយកម្មវិធីនេះបានជួយបណ្តុះបណ្តាលយុវជន​កម្ពុជាជាច្រើនរូបឱ្យទទួលបានជំនាញ សម្រាប់តម្រូវការទីផ្សារការងារក្នុង និងក្រៅស្រុក ជាពិសេសជាការត្រៀមទាក់​ទាញ​ការវិនិយោគ និងជំនាញនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាស្ពានចម្លងក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែង ទាំងក្នុង និងក្រៅប្រព័ន្ធ និងមិនផ្លូវការ អាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត មានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះ​ទៅរកការងារ និងជាផ្លូវដែលអាចឱ្យយុវជនកម្ពុជាបន្តការសិក្សាបាន ព្រមទាំងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារបាន។ ក្រសួងត្រូវបន្តយកចិត្តទុកដាក់លើការបង្កើនលទ្ធភាពទទួលបាននូវការបណ្តុះបណ្តាលប្រកបដោយបរិយាប័ន្ន និងសមធម៌ ការធ្វើទំនើបកម្មកម្មវិធីបណ្តុះបណ្តាលដោយបញ្ចូលបំណិនសតវត្សទី២១ អក្ខរកម្មឌីជីថល បច្ចេកវិទ្យាបៃតង និងសហគ្រិនភាព ការពង្រឹងគុណភាពនៃការបណ្តុះបណ្តាលដោយមានកិច្ចសហការជាមួយវិស័យឯកជន និងការលើកកម្ពស់នវានុវត្តន៍វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀន និងរៀន។ ជាមួយគ្នានេះ ក្រសួងត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើយុទ្ធនាការផ្សព្វផ្សាយពីគុណតម្លៃនៃការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ដែលបានរួមសហការគ្នាយ៉ាងល្អ ក្នុងការបន្តលើកកម្ពស់វិស័យការងារ និង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជាឱ្យកាន់តែពោរពេញដោយសមត្ថភាព ឆ្លើយតបបាននឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ អត្ថបទ និងរូបភាព ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី
អរគុណសន្តិភាព
អត្ថបទដែលជាប់ទាក់ទង