សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត»

ខេត្តកំពត ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” នាព្រឹកថ្ងៃចន្ទ ទី២១ ខែ​មេសា ឆ្នាំ២០២៥ ថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាសមិទ្ធផលរបស់ជាតិទី១ ក្រោយពី​ចូល​ឆ្នាំខ្មែរ​។ មុនចូលឆ្នាំខ្មែរ គឺសម្ពោធផ្លូវជាតិ ៧១សេ តភ្ជាប់ស្ពានស្ទឹងត្រង់, ភូមិសាស្រ្ត និងប្រភេទ​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ខុសគ្នា តែទិសដៅដូចគ្នា គឺជាសមិទ្ធផល​ដើម្បីបម្រើផលប្រយោជន៍​ប្រជាពលរដ្ឋ លើកស្ទួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ និងជំរុញវិស័យ​ផ្សេងៗរបស់មូលដ្ឋាន។ យើងនឹងបន្តចេញទៅ​សម្ពោធសមិទ្ធផល ទាក់ទាញការវិនិយោគ និងបង្កើតបរិយាកាស​វិជ្ជមាន​​ពីកម្ពុជាឱ្យកាន់តែច្រើន​ថែមទៀត។ ជាមួយគ្នានេះ កំពង់ផែនេះ មិនត្រឹមជាផែទេសចរណ៍នោះទេ គឺជាផែចម្លង បង្កើត​ទេសចរណ៍បន្ថែម​សម្រាប់អ្នកខេត្តកំពត លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ច​មូលដ្ឋានផង និងជាតិផង។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ បង្កើតឱកាស បង្កើតអាជីព បង្កើតកញ្ចប់​ទេសចរណ៍តភ្ជាប់​ខេត្តជាប់គ្នា ដើម្បីពង្រីកសក្តានុពលនៃសមិទ្ធផល ដើម្បីទាញឱ្យអស់លទ្ធភាព សំដៅ​ផ្តល់​ការអភិវឌ្ឍ និងលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរ។បន្ថែមពីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមរៀបចំតុបតែង​ ការពារ និងបង្កលក្ខណៈអំណោយផលដល់ការសប្បាយរីករាយ​របស់បងប្អូន​ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរ ដល់ក្រុម​ការងារដែលបានរៀបចំតុបតែង និង​ បង្កលក្ខណៈសប្បាយរីករាយ ព្រមទាំង ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង​ក្រុមយុវជនស្ម័គ្រចិត្ត ដែលបានថែរក្សាស្ថិរភាព និងសណ្តាប់​ធ្នាប់ តាមរយៈការសាមគ្គីគ្នា និងស្រលាញ់គ្នា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី។ មួយវិញទៀត សម្តេចបវរធិបតី​នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំការដឹកជញ្ជូន​បងប្អូនទៅស្រុកកំណើត​ទាំងទៅទាំងមក សរុបជា ២៥៥៦ជើង ដោយដឹកបានប្រមាណជិត ១០ម៉ឺននាក់ ជាមួយការសន្សំថវិកាបានជាង​ ១.៧លានដុល្លារ។ ក្នុងនេះផងដែរ សម្តេច​បវរធិបតីនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ​ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្ត ពិសេសបងប្អូន​ប្រជាជនយើង ដែលបាន​ផ្តល់ការគោរព​ និងការយោគយល់គ្នា លេងសប្បាយប្រកបដោយការ​ទទួលខុសត្រូវ និង​សីលធម៌ខ្ពស់ ប្រកបដោយភាពចាស់ទុំ និងបង្កើតបានស្មារតីស្នេហាជាតិ ព្រោះថា​បុណ្យចូលឆ្នាំ គឺជាការអបអរសាទរបែបវប្បធម៌ ប្រពៃណី និងការកំសាន្តល្បែងប្រជាប្រិយ យើង​គិត​វិជ្ជមាន ធ្វើវិជ្ជមាន ផ្សព្វផ្សាយវិជ្ជមាន ហ្នឹងហើយ យើងរួមគ្នាដើម្បីប្រទេសជាតិរបស់យើង។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានឆ្លៀតគូសបញ្ជាក់អំពីការលើកឡើងកន្លងទៅពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីស៊ី​​ ជីនពីង កាលពីថ្ងៃ១៧-១៨ ខែមេសា, អំពី​ជំហរ​នយោបាយរបស់កម្ពុជា ដែលយកប្រទេសជាមិត្ត គ្រប់គ្នា ស្មើសិទ្ធិ ស្មើមុខស្មើមាត់ និងមិនយកប្រទេស​ណា​ ចោលប្រទេសណានោះទេ។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី ស៊ី​ ជីនពីង​ គឺជាការបញ្ជាក់យ៉ាងច្បាស់ផង​ដែរ ​អំពីទំនាក់ទំនងកម្ពុជា-ចិន ដែលបានលើកកម្ពស់កាន់តែស៊ីជម្រៅ និង​ កាន់តែរឹងមាំ ហើយបានវិវត្តក្នុងទំនាក់​ទំនង​ និងកិច្ចសហប្រតិបត្តិការដ៏ល្អ លើគ្រប់វិស័យ និងគ្រប់រដូវកាល។ កម្ពុជាប្រកាន់គោលជំហរច្បាស់លាស់​ក្នុងការប្រាស្រ័យទាក់ទងជាមួយគ្រប់ប្រទេស សំដៅបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយធានានូវអធិបតេយ្យភាព និងបូរណភាពទឹកដី។ ជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋ​មន្ត្រី ក៏បានផ្តាំផ្ញើទៅអ្នកនយោបាយមួយចំនួន ឱ្យប្រកាន់ខ្ជាប់នូវ “គុណធម៌, សីលធម៌, សច្ចធម៌ និងជំហររឹងមាំច្បាស់លាស់” សម្រាប់ធ្វើនយោបាយ ហើយរួមគ្នាគិតវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន​ និងផ្សព្វផ្សាយវិជ្ជមានអំពីកម្ពុជា៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង