ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ភ្នំពេញ ៖ ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលា​កា​រ (អ.​ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សា​លេីវិធីសាស្រ្ត​ ឬបច្ចេកទេសនៃការដោះស្រាយវិវាទ​ សំដៅជំរុញបន្ថែមទៀតនូវសន្ទុះនៃការដោះស្រាយវិវាទ​ក្នុងក្របខ័ណ្ឌ​នៃ​ អ.ដ.ក ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹក​នាំ​​នៃអគ្គលេខាធិការដ្ឋាននៃ​ អ.ដ.ក ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលមានចំនួនសរុបប្រមាណជាង​ ៩០រូប។
នៅក្នុងកិច្ចប្រជុំនេះ តំណាងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.​បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងកិច្ចដំណើរការ​នៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក ក្នុងរយៈពេលកន្លងមក​។ ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា​ ពាក់ព័ន្ធនឹង​ការដោះស្រាយវិវាទផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់អគ្គលេខាធិការដ្ឋាន​ និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក ឱ្យយកចិត្តទុកដាក់ក្នុងការរក្សា និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ​ យន្តការនៃ​ អ.ដ.​ក ដោយត្រូវផ្តោតសំខាន់លេីកិច្ចការចំនួន​ ៣​ គឺ​ ៖
ទី១៖​ បន្តយកចិត្តទុកដាក់ក្នុងការរៀបចំ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទឱ្យបានត្រឹមត្រូវ​តាមច្បាប់​ ធានាបាននូវប្រសិទ្ធ​ភាព​ក្នុងការអនុវត្ត។
ទី២៖ មន្ត្រី​សម្រុះសម្រួល​ដោះស្រាយ​វិវាទត្រូវ​បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌​ និងអនុវត្តការងារ​ប្រកបដោយវិជ្ជាជីវៈខ្ពស់។
ទី៣៖ ត្រូវពង្រឹង​ និងពង្រីកការផ្តល់សេវា​ដោះស្រាយវិវាទឱ្យបានកាន់តែទូលំទូលាយ ដោយឆ្ពោះទៅការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន​ ពិសេសតំបន់ដែលមានជនជាតិដេីមភាគតិច​ និងតំបន់ដាច់ស្រយាល៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង