អភិបាលខេត្តបាត់ដំបង ជំរុញដល់រដ្ឋបាលក្រុងបាត់ដំបង ត្រូវបន្តរឹតបន្តឹងច្បាប់ផាកពិន័យ ចំពោះការចោលសំរាមនៅទីសាធារណៈ របស់ប្រជាពលរដ្ឋ

(បាត់ដំបង)៖ ថ្លែងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ប្រចាំខែធ្នូ ឆ្នាំ២០១៩ នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ដូច្នោះ ក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើការផ្ទាស់ប្តូរឥរិយាបថ ឲ្យមកចូលរួមស្រលាញ់បរិស្ថានផងដែរ។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន អគ្គមេបញ្ជារងមេទ័ពជើងគោក និងជាមេបញ្ជាការយោភូមិភាគទី៥ ព្រមទាំងមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត សាលាដំបូងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

បើតាមលោក ផេង សិទ្ធី អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបង បានរាយការណ៍ អំពីការរៀបចំសណ្តាប់ធ្នាប់ នៅតាមទីសួនច្បារសាធារណៈក្នុងក្រុងបាត់ដំបង និងការស្ទះចរាចរណ៍ នាពេលរសៀល នៅចំណុចគល់ស្ពាន សម្តេចក្រឡាហោម ស្ពានសម្តេចអគ្គមហាសេនាតេជោ និងនៅគល់ស្ពានលោកតាសោហឺផងដែរ។

មានប្រសាសន៍ក្នុងឪកាសនោះដែរ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា៖ បច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងសំណង់អត់ច្បាប់នានានៅក្នុងខេត្ត ហើយបញ្ហានេះ សូមឲ្យអភិបាលក្រុង/ស្រុក ទាំងអស់ ត្រូវតាមដានមើលឲ្យបានល្អិតល្អន់ ព្រោះមានតែអាជ្ញាធរមូលដ្ឋានទេ ដែលដឹងរឿងនេះច្បាស់ ។

លោកអភិបាលខេត្តបាត់ដំបង ក៍បានណែនាំ ដល់រដ្ឋបាលក្រុង/ស្រុក ជាពិសេសរដ្ឋបាលក្រុងបាត់ដំបង ត្រូវបន្តរៀបចំសណ្តាប់ធ្នាប់ និងបន្តជួយសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ នៅតាមគល់ស្ពាននានា ក្នុងក្រុង និងធ្វើការរឹតបន្ទឹងច្បាប់ផាកពិន័យការចោលសំរាមនៅទីសាធារណៈ ជាប្រចាំ ដើម្បីធ្វើការផ្ទាស់ប្តូរឥរិយាបថ ក្នុងការចូលរួមស្រលាញ់បរិស្ថានផងដែរ។ក្នុងនោះលោក ក៍បានក្រើនរំលឹក ដល់សមត្ថកិច្ចពាក់ព័ន្ធ ដែលមានប៉ុស្តិ៍ប្រចាំការនៅក្នុងដែននេសាទ (ទន្លេសាប និងតំបន់អភិរក្ស) ត្រូវធ្វើការទប់ស្កាត់រាល់បទល្មើសនេសាទនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង