ពលរដ្ឋអ៊ីរ៉ង់ធ្វើបាតុកម្ម ថ្កោលទោសរដ្ឋាភិបាលរឿងបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន
បាតុកម្មបានផ្ទុះឡើងនៅអ៊ីរ៉ង់ ពីរថ្ងៃជាប់គ្នា កាលពីថ្ងៃ១២ មករា ដោយដាក់សម្ពាធលើថ្នាក់ដឹកនាំរបស់សាធារណរដ្ឋឥស្លាមនេះ បន្ទាប់ពីខ្លួនបានសារភាពពីកំហុសដោយអចេតនាពាក់ព័ន្ធការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមួយគ្រឿង។
«ពួកគេ កំពុងភូតកុហកថា សត្រូវយើង គឺ អាមេរិក»។ បាតុករមួយក្រុម បានស្រែកបែបនេះនៅក្រៅបរិវេណសាកលវិទ្យាល័យមួយក្នុងរដ្ឋធានី តេហេរ៉ង់។ បើតាមវីដេអូមួយដែលបង្ហោះលើ Twitter ពួកគេ ស្រែកទៀតថា ៖« (ការពិតទៅ) សត្រូវយើង គឺនៅទីនេះ»។
ក្រុមបាតុករដែលគេប៉ាន់ស្មានថារាប់ពាន់នាក់ បានទាមទារឲ្យប្រមុខដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡាហ៍ អាលី ខាមេណី ចុះចេញពីតំណែង ហើយកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែនមួយដែលដឹកមនុស្ស ១៧៦ នាក់។ តាមវីដេអូលើបណ្តាញសង្គម ដែលដកស្រង់មកចុះផ្សាយដោយទូរទស្សន៍អាមេរិក CNN ក្រុមបាតុករ បានស្រែកខ្លាំងៗថា៖ «ខាមេណី គួរខ្មាសខ្លួនឯង ហើយចាកចេញប្រទេស»។ មេដឹកនាំកំពូល ខាមេណី បានក្តោបក្តាប់អំណាចនេះអស់ពេល៣ទសវត្សរ៍ ហើយគ្មានការកំណត់ណាមួយលើអាណត្តិដឹកនាំលោកឡើយ។
បាតុកម្មនេះ ពុំកើតឡើងតែនៅរដ្ឋធានី តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏រាលដាលដល់ទីក្រុងផ្សេងទៀតផងដែរ រួមមាន Shiraz, Esfahan, Hamedan និង Orumiyeh ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ១២ មករា បានបង្ហាញការគាំទ្រតាមរយៈ Twitter ដល់ក្រុមបាតុករអ៊ីរ៉ង់ ដោយអះអាងថា រដ្ឋបាលលោក នឹងបន្តឈរប្រកៀកស្មាជាមួយពួកគេ។ លោក ត្រាំ សរសេរទៀតថា៖«ទៅកាន់ថ្នាក់ដឹកនាំនៃប្រទេសអ៊ីរ៉ង់ កុំសម្លាប់បាតុករអ្នក។មនុស្សរាប់ពាន់ ត្រូវបានសម្លាប់ ឬចាប់ដាក់គុក ដោយអ្នក ហើយពិភពលោក កំពុងតាមដាន។ ជាពិសេសនោះ សហរដ្ឋអាមេរិក កំពុងតាមដាន»។
ដូចគ្នាអ៊ីចឹងដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏បានបង្ហាញការគាំទ្រចំពោះក្រុមបាតុករអ៊ីរ៉ង់ ព្រមទាំងបានទទូចឲ្យសម្ព័ន្ធមិត្តអឺរ៉ុបបង្កើនការដាក់សម្ពាធលើរបបដឹកនាំក្រុងតេហេរ៉ង់។
សូមបញ្ជាក់ថា ក្រោយបដិសេធការចោទប្រកាន់អស់រយៈពេលជាច្រើនថ្ងៃ យោធាអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ ១១ មករា ព្រមទទួលស្គាល់ថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនដោយអចេតនា។ ករណីបាញ់ទម្លាក់យន្តហោះក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែននេះ កាលពីថ្ងៃ ៨ មករា បានសម្លាប់មនុស្សអស់ ១៧៦ នាក់ផងក្នុងចំណោមនោះភាគច្រើនជាជនជាតិអ៊ីរ៉ង់ និងកាណាដា។
ប្រមុខរដ្ឋអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានបង្ហោះសារសុំអភ័យទោសចំពោះការបង្កឲ្យមានសោកនាដកម្ម ហើយប្រទេសលោកពិតជាមានការសោកស្តាយពេកក្រៃចំពោះកំហុសដ៏ធំធេងនេះ។ ដោយឡែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានបន្ទោសឧបទ្ទវហេតុនេះថា កើតឡើងដោយសារ កំហុសមនុស្ស និងអាមេរិកជាអ្នកជំរុញ៕