Luis Suarez និងអវត្តមាន ៤ខែក្រោយវះកាត់របួស
ខ្សែប្រយុទ្ធ Luis Suarez របស់ក្រុម Barcelona នឹងអវត្តមានរយៈពេល ៤ ខែបន្ទាប់ពីការ វះកាត់ជង្គង់កាលពីថ្ងៃអាទិត្យ។ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយរូបនេះបានរងរបួសសរសៃពួរផ្នែកជង្គង់ខាងស្តាំនិងត្រូវបានវះកាត់ដោយវេជ្ជបណ្ឌិតសញ្ជាតិអេស្បាញលោក Ramon Cugat។
Suarez ចូលលេងការប្រកួតពេញម៉ោងកំលុងពេល Barcelona បរាជ័យចាញ់ Atletico Madrid ៣ទល់និង២ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Spanish Super Cup នៅប្រទេសអារ៉ាប់ប៊ីសាអូឌីតកាលពីថ្ងៃសុក្រ។ អតីតខ្សែប្រយុទ្ធហង្សក្រហមLiverpool វ័យ៣២ ឆ្នាំរូបនេះរកបាន ១៤ គ្រាប់ក្នុង ២៣ ប្រកួតសម្រាប់ក្រុម Barcelona នៅរដូវកាល២០១៩-២០២០នេះ។
ម្ចាស់ការពារតំណែងជើងឯក La Liga Santander កំពុងឈរនៅកំពូលតារាងនៅពាក់កណ្តាលរដូវកាលនេះនៅពីលើគូប្រជែង Real Madrid ខណៈក្រុមទាំងពីរមានពិន្ទុស្មើគ្នាតែ Barcelona មានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ២គ្រាប់។