ផឹកស្រាស្រវឹងដកកាំភ្លើងបាញ់ផ្អើលភូមិ
ភ្នំពេញ៖ ក្រោយពីផឹកស្រាស្រវឹងជោកជាំ មន្រ្តីយោធាបម្រើការងារនៅអង្គភាពយោធភូមិភាគពិសេសម្នាក់ បានដកកាំភ្លើងបាញ់មេឃ ២គ្រាប់ ដោយគ្មានខ្លាចច្បាប់សោះឡើយ អាងថាខ្លួនជាមន្ត្រីយោធា មានអំណាច ព្រមទាំងមានកាំភ្លើងសៀតនៅនឹងចង្កេះទៀត ។
ករណីនេះ កើតឡើងនៅម្តុំលំនៅឋានរបស់ជនសង្ស័យ ដែលមានផ្ទះលេខ០៦ ឋិតក្នុងបុរីពិភពថ្មី ផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ វេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ។
សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីមានករណីផ្ទុះអាវុធភ្លាម កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងភ្លាមៗ ព្រមទាំងដកហូតអាវុធខ្លីម៉ាកឡុក១ដើម មានគ្រាប់ចំនួន១០គ្រាប់ និងនៅកន្លែងកើតហេតុ សមត្ថកិច្ចពិនិត្យរកឃើញសំបកគ្រាប់១គ្រាប់ មន្ត្រីយោធានេះ មានឈ្មោះ ពៅ សារ៉ន ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ០៦ បុរីពិភពថ្មីផ្លូវលេខ១១០ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ក្រោយចាប់ខ្លួន មន្ត្រីយោធាទំនើងរូបនេះ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕