មន្ត្រីជំនាញសាខាកាំកុងត្រូលចុះត្រួតពិនិត្យម្ហូបអាហារ និងភេសជ្ជៈដាក់តាំងលក់នៅតាមផ្សារ

តាកែវ​៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-​វៀតណាមខាងមុខមកដល់ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០​ ខែមករា ឆ្នាំ២០២០ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យម្ហូបអាហារ ភេសជ្ជៈដែលដាក់តាំងលក់ក្នុងផ្សារអង្គតាសោម ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ។

ដើម្បីចូលរួមនឹងធានាថា ចំណីអាហារមានអនាម័យ មិនមានសារធាតុគីមី មិនមានខូចគុណភាព និងមិនហួសការបរិច្ឆេទប្រើប្រាស់ ត្រូវមានសុវត្ថិភាព ក៏ដូចជាការពង្រឹងនូវសុខុមាលភាពសាធារណៈ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ បានចុះត្រួតពិនិត្យដូចភ្លៀងរលឹម នូវទំនិញនៅតាមទីផ្សារនានាក្នុងខេត្ត។ នៅក្នុងការចុះត្រួតពិនិត្យទំនិញ និងធ្វើតេស្តជាបឋមទៅលើចំណីអាហារជាច្រើនមុខ ជាលទ្ធផលរកមិនឃើញសារធាតុគីមីនៅលើចំណីអាហារ និងបន្លែនោះឡើយ ព្រោះថាបងប្អូនអាជីវករបច្ចុប្បន្នពួកគាត់មានការភ្ញាក់រលឹក និងយល់ដឹងច្រើនពីសុវត្ថិភាពចំណីអាហារ ក្នុងនោះមន្ត្រីកាំកុងត្រូលក៏បានរកឃើញទឹកស៊ីអ៊ីវ ១០ដប ហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវរឹបអូសយក។

ការចូលរួមសហការយ៉ាងល្អពីអាជីវករ រួមផ្សំនឹងសកម្មភាពចុះត្រួតពិនិត្យទំនិញដូចភ្លៀងរលឹម ក៏ដូចជាការចុះអប់រំណែនាំផ្សព្វផ្សាយជាញឹកញាប់ ធ្វើឱ្យបងប្អូនអាជីវករបានយល់ដឹងកាន់តែទូលំទូលាយអំពីសុវត្ថិភាពចំណីអាហារ ដើម្បីបង្កានិងទប់ស្កាត់កុំឲ្យមានហានិភ័យពីចំណីអាហារជាមុន ប្រសើរជាងបណ្តោយឲ្យកើតឡើងហើយទប់ស្កាត់ជាក្រោយ៕ by PATHOM

អត្ថបទដែលជាប់ទាក់ទង