កម្មវិធីបោះតង់បរិស្ថាន និងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់
ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធីបោះតង់បរិស្ថាននិងបំបួសដើមឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយគ្រោងនឹងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍នៃសហគមន៍តំបន់ការពារធម្មជាតិ ដែលកំពុងរស់នៅក្នុងនិងជុំវិញតំបន់ព្រៃឡង់ ព្រមទាំងយុវជនយុវនារីនៃក្រសួងបរិស្ថាន សរុបប្រមាណ៥០០ នាក់ ដើម្បីបង្កើនសេចក្តីស្រឡាញ់ និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិជា ជីវ:ចម្រុះ និងប្រព័ន្ធអេកូឡូសីនៅកម្ពុជានិយាយជារួម និងជាពិសេសនៅតំបន់ព្រៃឡង់។
ក្រសួងបរិស្ថាន នឹងអញ្ជើញដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សហគមន៍មូលដ្ឋាននានាចូលរួមក្នុងកម្មវិធីនេះទាំងអស់គ្នា ដើម្បីរួមសាមគ្គីគ្នាក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ ដែលប្រទេសកម្ពុជាយើងមានឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
នៅក្នុងកម្មវិធីនោះ នឹងមានការបំបួសដើមឈើ និងការធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិ ជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីនៃតំបន់ព្រៃឡង់ដល់អ្នកចូលរួមផងដែរ។ គោលបំណងនៃការរៀបចំកម្មវិធីបោះតង់បរិស្ថាន និងពិធីបំបួសដើមឈើនេះគឺដេីម្បីបណ្តុះស្មារតីស្រឡាញ់ធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន និងដេីម្បីជំរុញឱ្យមានការចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។
ដោយសារតែកត្តាសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកម្ពុជាមានឱកាសគ្រប់គ្រាន់គិតគូរលើការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ គិតគូរពីកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ធនធានធម្មជាតិត្រូវបានការពារ និងមានផាសុកភាព សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថានត្រូវបានធានា។ គួរបញ្ជាក់ថា ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅឆ្នាំ២០១៦ ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតាស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត ចំនួន៤ គឺ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់នេះ។
ការប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិជាផ្លូវការដោយក្រសួងបរិស្ថាននេះ គឺធ្វេីឡេីងក្នុងបំណងបង្កើនការ ចូលរួមគ្រប់គ្រង និងប្រេីប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ក៏ដូចជារួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការរៀបចំបង្កេីតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលេីការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដេីម្បីអនុញ្ញាតឱ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រេីប្រាស់និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕