ដើមចំបក់មួយដើមធំ អាជ្ញាធរជាតិអប្សរា សម្រេចកាត់
សៀមរាប ៖ ដើមចំបក់មួយដើម ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ និងទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យកាត់ចេញ ដែលមាននៅទីតាំងនៅផ្លូវចូលប្រាសាទនាគព័ន្ធ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ។
ដើមចំបក់មួយដើមនេះបានងាប់ជាយូរមកហើយ មែក និងគល់ បានពុកផុយជាអន្លើ ដែលអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញ ចូលប្រាសាទនេះ ដោយសារមើលឃើញនូវបញ្ហាប្រឈមនេះ ទើបក្រុមការងារសម្រេចកាប់ដើមចំបក់នេះចោល ក្នុងបំណងបង្ការ និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុនាំឱ្យមានការប៉ះពាល់ណាមួយដល់ភ្ញៀវទេសចរ និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងដើម្បីរក្សាសោភណ្ឌបរិវេណប្រាសាទ ។
អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារនេះឲ្យបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា ក្រុមការងារក៏បានរៀបចំផ្លូវវាងជាបណ្តោះអាសន្ននេះផងដែរ ៕ by PATHOM