សូម្បីតែផ្ទះមន្រ្តីមន្ទីរសុខាភិបាលខេត្ត ក៏ព្រះអគ្គីមិនប្រណី
ខេត្តស្ទឹងត្រែង៖ ព្រះអគ្គីឆេះបំផ្លាញក្លាយជាផេះផង់អស់គ្មានសល់ ផ្ទះរបស់មន្រ្តីមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង១ខ្នង ដែលស្ថិតនៅក្នុងភូមិត្រពាំងព្រីង ស្រុកស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ករណីនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅជិតខាង និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។
ផ្ទះដែលត្រូវអគ្គិភ័យឆេះបំផ្លាញនោះ មានទំហំ១៤ម៉ែត្រ គុណនឹង៨ម៉ែត្រ ម្ចាស់មានឈ្មោះ ជ័យ សុជាតិ មុខរបរមន្រ្តីមន្ទីរសុខាភិបាលខេត្ត។
អគ្គិភ័យនេះ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន២គ្រឿង អធិការស្រុកថាឡាបរិវ៉ាត់១គ្រឿង និងរបស់ព្រលានយន្តហោះ១គ្រឿង បានចេញអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់២០រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
ករណីនេះ មិនបណ្តាលឲ្យមានមនុស្សណាម្នាក់ រងរបួសឬក៏ស្លាប់ឡើយ តាមការសន្និដ្ឋានគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ by PATHOM