សាលាបឋមសិក្សាស្រែអ៊ី និងគម្រោងអេកូទេសចរណ៍ ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិ ស្ថានបានថ្លែងថា ការអភិរក្សវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិច បន្ថែមពីលើកិច្ចការពារ និងអភរិក្សធនធានធម្មជាតិ គឺដើម្បីជំរុញការអភិវឌ្ឍទេស ចរណ៍ធម្មជាតិ ដែលជាប្រភពចំណូល បង្កើនសេដ្ឋកិច្ចមូលដ្ឋាន ផ្តល់ចំណូលប្រកបដោយនិរន្តរភាពសម្រាប់សហគមន៍។ ការគូសបញ្ជាក់របស់ឯកឧត្តមបែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សាស្រែអ៊ី និងការប្រកាសដាក់ឱ្យដំណើរការគម្រោងអេកូទេសចរណ៍ ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ។
សាលាបឋមសិក្សាស្រែអ៊ី បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ ដែលត្រូវបានកសាងឡើងដោយមានការចូលរួមគាំទ្រថវិកា ពីក្រសួងបរិស្ថាន និងអង្គការការីតាសកម្ពុជា ដែលទទួលគាំទ្រពីអង្គការការីតាសអាល្លឺម៉ង់។ សាលាបឋមសិក្សានេះបានចំណាយថវិកាសាងសង់ប្រមាណ ៩ម៉ឺនដុល្លារអាម៉េរិក។ ក្នុងនោះមានអគារបណ្តុះបណ្តាល អគារសម្រាប់ថែរក្សាសម្ភារ របស់របរ វប្បធម៌ប្រពៃណី របស់បងប្អូនជនជាតិដើមភាគតិច មជ្ឈមណ្ឌលសម្រាប់ចែករំលែកចំណេះដឹង និងបង្រៀនដល់បងប្អូន ជនជាតិដើមភាគតិច ឱ្យពួកគាត់ថែរក្សាប្រពៃណីទំនៀមទម្លាប់របស់គាត់ឱ្យបានគង់វង្ស។
ក្នុងបរិវេណសាលាមានរៀបចំសួនច្បារ និងមានការផ្តល់ទឹកចម្រោះសម្រាប់សិស្សានុ សិស្សប្រើប្រាស់ និងមានប្រព័ន្ធសូឡាផងដែរ។ ការបង្កើតឱ្យមានសួនបន្លែ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះដាំបន្លែបង្ការផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាព កាត់បន្ថយការពឹងអាស្រ័យទៅលើធនធានធម្មជាតិ ជាពិសេសការប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដូចជាការកាប់ទន្ទ្រានព្រៃ ការបរបាញ់សត្វ ដោយខុសច្បាប់ជាដើម។
នៅចំពោះមុខប្រជាសហគមន៍ស្រែអ៊ីដែលជាជនជាតិដើមភាគតិច ឯកឧត្តម សាយ សំអាល់ បានថ្លែងថា «ការបង្កើតសាលានៅក្បែរប្រជាសហគមន៍ គឺដើម្បីផ្តល់ឱកាសដល់ កូនៗប្រជាសហគមន៍ មានឱកាសសិក្សារៀនសូត្រឱ្យចប់ចុងចប់ដើម បង្កើតជម្រើសខ្លួនឯងសម្រាប់ទៅថ្ងៃអនាគត និងដើម្បីឱ្យបងប្អូនជនជាតិចេះភាសាខ្មែរក្នុងទិសដៅធ្វើសមាហរកម្មឱ្យកាន់តែសកម្មថែមទៀត ជាមួយសង្គមជាតិទាំងមូល និងទទួលបានផលផ្លែផ្កានៃសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចរបស់ជាតិយើង»។
ប្រភពដដែលបន្តថា ក្រសួងបរិស្ថាន និងអង្គការការីតាសកម្ពុជាបានប្រកាសដំណើរការគម្រោងអេកូទេសចរណ៍រយៈពេល ៣ឆ្នាំ (ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១) ជូនដល់សហគមន៍ តំបន់ការពារធម្មជាតិស្រែអ៊ី ដែលមានគម្រោងថវិកាចំនួន ២០ម៉ឺនដុល្លារអាម៉េរិក ជាជំនួយរបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈអង្គការការីតាសកម្ពុជា។ គម្រោងអេកូទេស
ចរណ៍ត្រូវបានបើកសម្ពោធនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ដើម្បីជាប្រយោជន៍ដល់ប្រជាសហគមន៍ ដើម្បីបង្កើនចំណូល បង្កើតសេដ្ឋកិច្ចមូលដ្ឋាន កាត់បន្ថយការប្រព្រឹត្តអំពើខុសច្បាប់លើធនធានធម្មជាតិ។ សហគមន៍ តំបន់ការពារធម្មជាតិស្រែអ៊ី មានសក្តានុពលខ្លាំងដោយតំបន់នោះសម្បូណ៌ព្រៃឈើ សម្បូណ៌ដោយសត្វព្រៃ ជាពិសេសសត្វក្ងោកដែលជាទីគួរឱ្យទាក់ទាញ។
ទន្ទឹមនឹងការប្រកាសគាំទ្រគម្រោងអេកូទេសចរណ៍នេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានបំណងប្រែក្លាយតំបន់អភិរក្ស ដែលមានបច្ចុប្បន្ននេះឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីឆ្លើយតបនឹងកំណើនឡើងនៃវិស័យទេស
ចរណ៍ និងតម្រូវការរបស់ពលរដ្ឋនៅក្នុងការដើរកម្សាន្ត។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា បច្ចុប្បន្ននេះទេសចរណ៍ក្នុងស្រុក មានកំណើនឡើងគួរឱ្យកត់សម្គាល់ ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធារ ដោយសារតែកំណើនសេដ្ឋកិច្ចជាតិ និងសុខសន្តិភាពគ្របដណ្តប់ទូទាំងប្រទេស។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ ដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន ដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍។ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាននៅ ពេលនេះ ធ្វើយ៉ាងណាយើងនាំគ្នាជួយជំរុញ និងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ឯកឧត្តមបានបង្ហាញក្តីសង្ឃឹមថា ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិ បាលកម្ពុជា ប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត ៕