ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ៖ កម្ពុជាមិនមានចេតនាចាត់ទុកប្រទេសណាមួយធ្វើជាសត្រូវទេ
ភ្នំពេញ៖ ទំនាក់ទំនងការទូត រវាងកម្ពុជា និងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ១៩៥០មកម្លេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាមិនមានចេតនាចាត់ទុកប្រទេសណាមួយធ្វើជាសត្រូវទេ គឺខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានាលើសកលលោក។
ក្រោយជំនួបពិភាក្សារការងារ រវាងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ជាមួយគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងធ្វើយ៉ាងណាជំរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ ឯកឧត្តម បានឲ្យដឹងទៀតថា ខាងភាគីសភាអាមេរិកបានបញ្ជាក់ថា មិនត្រឹមតែរដ្ឋាភិបាលនៃប្រទេសទាំងពីរទេដែលខិតខំពង្រឹងទំទាក់ទំនងល្អ ប៉ុន្តែតែទាំងសភាអាមេរិកក៏មានចេតនាក្នុងការលើកស្ទួយទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។
តើត្រូវធ្វើយ៉ាងណាទៀតដើម្បីឲ្យប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែល្អប្រសើរ
ភាគីខាងសហរដ្ឋអាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់កម្ពុជា។
ឯកឧត្តម កុយ គួង ថា ពាក់ព័ន្ធទៅនឹងពាក្យចចាមអារាមដែលនិយាយថា នឹងមានមូលដ្ឋានកងទ័ពបរទេសនៅកម្ពុជានោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា នេះគ្រាន់តែពាក្យចចាមអារាមទេ ហើយកម្ពុជា ទោះបីជាមានសិទ្ធិអធិបតេយ្យក្នុងការការពារអធិបតេយ្យភាព បូរណភាពរបស់ខ្លួន ក៏កម្ពុជាមិនអនុញ្ញាតឲ្យមានកងទ័ពបរទេសណានៅលើទឹកដីកម្ពុជាទេ គឺកម្ពុជាគោរពរដ្ឋធម្មនុញ្ញរបស់ខ្លួន។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ប្រាប់ទៅគណៈប្រតិភូសភាអាមេរិកថា កម្ពុជាមិនមានចេតនាចាត់ទុកប្រទេសណាមួយធ្វើជាសត្រូវទេ កម្ពុជាពង្រីកមិត្ត និងរក្សាមិត្ត ហើយខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងសកលលោក ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម GSP ដល់កម្ពុជា និងជំនួយផ្សេងៗទៀត៕