ក្រសួងផែនការ ប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ ស្តីពីផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ

សៀមរាប៖ គោលដៅនៃតំបន់សៀមរាប មានបណ្តាខេត្តចំនួន៨ បានចូលរួមទទួលយកនូវការផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលការផ្សព្វផ្សាយឯកសារផែនការនេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ ។

ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ រៀបចំឡើងក្នុងរយ:ពេល៥ឆ្នាំម្តង ដើម្បីសម្រេចគោលដៅធំៗចំនួន៣ ! ទី១ គឺដើម្បីវាយតម្លៃអំពីលទ្ធផលរួមនិងបញ្ហាប្រឈមចម្បងៗ ដែលបានកើតឡើងនៅក្នុងការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨កន្លងទៅ ទី២ គឺដើម្បីកំណត់នូវបណ្តាវិធានការគោលនយោបាយនានា ដល់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ សម្រាប់ការអនុវត្តគោលនយោបាយអទិភាពនានា របស់រាជរដ្ឋាភិបាលកម្ពុជា និងបណ្តារបៀបវារៈសាកល អនុសញ្ញា និងកម្មវិធីអន្តរជាតិនានានៅតាមវិស័យ និងទី៣ គឺដើម្បីដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំឆ្នាំ នូវការអនុវត្តផែនការទាំងនោះផងដែរ ។

ឯកឧត្តម ទួន ថាវរ: រដ្ឋលេខាធិការក្រសួងផែនការ មានប្រសាសន៍យ៉ាងដូច្នេះនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់ក្រោមជាតិ នូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ( ផ.យ.អ.ជ ) ២០១៩-២០២៣ ។ឯកឧត្តមគូសបញ្ជាក់ឲ្យដឹងបន្ថែមដែរថា ៖ ដើម្បីធានានូវប្រសិទ្ធភាពនៃការអនុវត្ត ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ ដែលបានកំណត់ថា យុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ នឹងត្រូវអនុវត្តតាមរយៈនៃផែនការអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដូច្នេះវិធីសាស្រ្តនៃការកំណត់ខ្លឹមសាររបស់ផែនការ ត្រូវបានកែលម្អដោយផ្តោតទៅលើ ៖ ទី១ ការផ្សារភា្ជប់នូវសកម្មភាពអាទិភាព ដែលត្រូវបានអនុវត្តដោយក្រសួង-ស្ថាប័ននីមួយៗ ជាមួយនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទី២ ការកំណត់តម្លៃដែលត្រួវចំណាយលើការអនុវត្តសកម្មភាពទាំងនោះ គឺដោយផ្អែកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងទី៣ ការប៉ាន់ស្មាននូវបរិមាណធនធានសរុបពីគ្រប់ប្រភពទាំងអស់ ដែលអាចមាន ឬ ដែលចាំបាច់ត្រូវតែធ្វើការកៀរគរ ដើម្បីសម្រេចឲ្យបាន នូវរាល់ចំណុចគោលដៅទាំងឡាយរបស់ផែនការ ។

ឯកឧត្តម បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា ៖ តាមរយៈនៃការប្រកាសផ្សព្វផ្សាយនេះ នឹងផ្តល់បាននូវចំណេះដឹង និងបទពិសោធន៍សម្រាប់មន្រ្តីពាក់ព័ន្ធទាំងអស់ មានសមត្ថភាពប្រើប្រាស់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍នៅតាមអង្គភាព-ស្ថាប័ន របស់ខ្លួនផ្ទាល់ ។

ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ដែរថា ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.ក.ជ) ២០១៩- ២០២៣ គឺជាឯកសារដ៏មានសារៈសំខាន់ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមាន ការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈនៃអង្គសិក្ខាសាលា ក៏ដូចជាអង្គប្រជុំនានាជាច្រើនលើកច្រើនសារនាពេលកន្លងមក ។

ផែនការយុទ្ធសាស្ត្រនេះ បានដើរ តួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពនានា ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦- ២០៣០ និងចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍន៍ ។

គួរបញ្ជាក់ថា ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ក្រសួងផែនការមានគម្រោងធ្វើការផ្សព្វផ្សាយទៅកាន់ថ្នាក់ក្រោមជាតិ ដោយបែងចែកជា៣តំបន់ ( តាកែវ សៀមរាប និងក្រចេះ ) ។ តំបន់តាកែវបានផ្សព្វផ្សាយរួចហើយ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ កន្លងទៅ ។ នៅតំបន់សៀមរាប គឺជាលើកទី២នៃការផ្សព្វផ្សាយផែនការអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលមានវត្តមានចូលរួមដោយមន្រ្តីតំណាងរដ្ឋបាលសាលាខេត្ត មន្ទីរជុំវិញខេត្ត សភាពាណិជ្ជកម្មខេត្ត និងអង្គការក្រៅរដ្ឋាភិបាល មកពីចំនួន៨ខេត្ត ( សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិសាត់ កំពង់ធំ និងព្រះវិហារ ) ៕ by AKP

អត្ថបទដែលជាប់ទាក់ទង