ប្រែក្លាយពីប្រឡាយទឹកស្អុយ ទៅជាប្រឡាយបេតុងយ៉ាងស្អាតគ្មានក្លិនស្អុយអាចរំដោះទឹកចេញពីគ្រប់ខណ្ឌ៣


ភ្នំពេញ៖ក្រោមគំនិតផ្ដើមរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញរដ្ឋបាលរាជធានីបានប្រែក្លាយប្រឡាយស្ទឹងមានជ័យពីទឹកស្អុយទៅជាប្រឡាយបេតុងយ៉ាងស្អាតគ្មានក្លិនស្អុយអាចរំដោះទឹកចេញពីខណ្ឌ៣ឬគ្រប់តំបន់ហើយគម្រោងនេះ នឹងដោះស្រាយបញ្ហាទឹកលិចនៅខណ្ឌមានជ័យ ខណ្ឌសែន សុខ និងខណ្ឌពោធិ៍សែនជ័យ ។


ការដ្ឋានបុកស៊ីផាយខាងលើនេះបានអនុវត្តតាំងពីដើមឆ្នាំ២០១៩កន្លងមកហើយគិតមកដល់ចុងខែមករានេះការដ្ឋានបុកស៊ីផាយនៅប្រឡាយស្ទឹងមានជ័យរដ្ឋបាលរាជធានីភ្នំពេញសម្រេចការងារបានជាង១០០០ម៉ែត្រហើយ ស្មើនិង៦៨ ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅខែកក្កដាខាងមុខនេះ ។
ពាក់ព័ន្ធការងារខាងលើលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី២២មករានេះថា៖ ការដ្ឋានសាងសង់ប្រឡាយស្ទឹងមានជ័យ មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបានការងារមួយចំនួនធំហើយ ក្នុងនោះរួមមាន ៖ ទី១ ការងារបុកSheet Pile ចាក់និងតម្លើងបង្កាន់ដៃបានប្រវែង ៧៦៣ម៉ែត្រ។ ទី២ ចាក់លូប្រអប់៣ជួរ ទទឹង៨ម៉ែត្រ បានប្រវែង ២៥៧ម៉ែត្រ ។សរុបសាងសង់ប្រឡាយបានប្រវែង១០២០ម៉ែត្រ លើប្រវែងសរុប១៥០០ម៉ែត្រ ស្មើនឹង៦៨ភាគរយ ។ ទី៣ ជាទិសដៅគ្រោងបញ្ចប់ នៅខែកក្កដា២០២០ខាងមុខនេះ បើក្នុងករណីបានដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា។


គួរបញ្ជាក់ថា៖តំបន់ស្ទឹងមានជ័យរដ្ឋបាលរាជធានី បាននឹងកំពុងស្ថាបនាប្រឡាយស្ទឹងមានជ័យដោយចាក់បេតុងបុកស៊ីផាយ ទទឹង៨ម៉ែត្រ ហើយគម្រោងនេះ ត្រូវបានបែងចែកជា៤តំណាក់កាល ។

ក្នុងនោះតំណាក់កាលទី១ មានប្រវែង៣២៦ម៉ែត្រ សងខាងប្រឡាយសរុបប្រវែង៦៥២ម៉ែត្រ ហើយក្នុងជំហានទី១នោះ រដ្ឋបាលរាជធានីបានសម្រេចចាប់ឆ្នោតប្រគល់ដីជូនប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយចំនួន១៥២គ្រួសាររួចហើយ ។
ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការអភិវឌ្ឍនេះឆ្លងកាត់ខណ្ឌចំនួន២ គឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួនជាង៥០០គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។


ប្រឡាយស្ទឹងមានជ័យបានដើរតួយ៉ាងសំខាន់ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។ ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ ចិញ្វើម២ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង