រថយន្តដឹកឥដ្ឋមួយគ្រឿង ដាច់ដៃចង្កូតទៅបុកដើមឈើទាំងព្រឹក
ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ៨ និង១០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ នៅមុខវិមានឈ្នះឈ្នះ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានរថយន្តដឹកឥដ្ឋមួយគ្រឿង ដាច់ដៃចង្កូតទៅបុកដើមឈើពេញទំហឹង ហើយគាបជាប់អ្នកបើកបរ បង្កឲ្យរងរបួសធ្ងន់និងព្រូរងរបួសស្រាល ។
រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង លាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ3A-4737 មានម្ចាស់ឈ្មោះ ជា សយ និងបើកបរដោយឈ្មោះ ង៉ង ឃីម ភេទប្រុស អាយុ៣១ឆ្នាំ មានលំនៅខេត្តព្រៃវែង បានរងរបួសបាក់ជើងខាងស្តាំ រីឯព្រូរងរបួសស្រាល។ ប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ដឹកឥដ្ឋពេញ ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងល្បឿនយ៉ាងលឿន ដែលមានទិសដៅពីកើតទៅលិច លុះមកដល់មុខវិមានឈ្នះឈ្នះ ស្រាប់តែរ៉េចង្កូតទៅស្តាំដៃ ឡើងចិញ្ចើមផ្លូវ ទៅបុកដើមអំពិលទឹកបារាំងមួយដើមពេញទំហឹង។ ភ្លាមៗនោះកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ដែលប្រចាំការនៅទីនោះ ព្រមទាំងក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ បាននាំគ្នាជួយកាត់ដែក និងគាស់ ដើម្បីយកមនុស្សចេញ រួចបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
តាមអ្នកបើកបរបានឱ្យដឹងថា ពួកកេបានដឹកឥដ្ឋ យកទៅចែកចាយនៅភ្នំពេញ ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ រថយន្តក៏ដាច់ដៃហ្វ្រាំង (ខូចរ៉ូទីល) ក៏រ៉េចង្កូតឡើង ចិញ្ចើមផ្លូវបុកដើមឈើតែម្ដង ៕ by PATHOM