រដ្ឋាភិបាលជប៉ុន ផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់សរុបជាង១៧ម៉ឺនដុល្លារអាម៉េរិក ជួយលើវិស័យធនធានទឹក និងកសិកម្មនៅកម្ពុជា ចេញផ្សាយ ថ្ងៃទី 23 ខែ មករា ឆ្នាំ 2020 ភ្នំពេញ៖ យោងតាមប្រភព AKP ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្រោមជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ រាជរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់គម្រោងចំនួនពីរ រួមមានធនធានទឹក និងកសិកម្ម។ កិច្ចសន្យាផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខារវាងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងតំណាងស្ថាប័នទទួលជំនួយចំនួនពីរ គឺមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និង មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា. ឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា ការចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់គម្រោងចំនួនពីរនេះ ដោយគម្រោងទីមួយសម្រាប់មន្ទីរធនធានទឹកនិងឧតុនិយមខេត្ត កំពង់ចាម រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ៩០,០០០ដុល្លារអាម៉េរិក សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឯកឧត្ដមបន្ដថា គម្រោង នេះ នឹងធានាបាននូវការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាព សម្រាប់វាលស្រែ និងពង្រីកដីកសិកម្មស្រោចស្រព។ ឯកឧត្ដមឯកអគ្គរាជទូតរំពឹងថា តាមរយៈគម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ជាង ៥,០០០ នាក់ ដោយបង្កើនផលិតកម្មដំណាំស្រូវ តាមរយៈស្តារឡើងវិញនូវទំនប់ទឹកដោយប្រើប្រាស់ជាផ្លូវដើម្បីដឹកជញ្ជូន ដំណាំកសិកម្មឱ្យមានភាពងាយស្រល។ ឯកឧត្ដមក៏សង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះ ធ្វើអោយជីវភាពរស់នៅ របស់ពួកគាត់មានភាពប្រសើរឡើង។ ចំពោះគម្រោងទីពីរ សម្រាប់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាប្រមាណ៩០,០០០ ដុល្លារអាម៉េរិក សម្រាប់ពង្រឹងសហគមន៍កសិកម្មតាមរយៈការសាងសង់ឃ្លាំងស្តុក ដំឡើងម៉ាស៊ីនសម្ងួតម្រេច និងឧបករណ៍កែច្នៃគ្រាប់ស្វាយចន្ទី ក្នុងសហគមន៍កសិកម្មចំនួន២ នៅស្រុកមេមុត និងមួយទៀតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ តាមរយៈគម្រោងនេះ រំពឹងថា ប្រជាកសិករប្រមាណ ៤៥០នាក់ ដែលជាសមាជិករបស់សហគមន៍កសិកម្ម នឹងទទួលបានអត្ថប្រយោជន៍ពីការកែលម្អគុណ ភាពផលិតផលកសិកម្មរបស់ពួកគេ និងបន្ថែមខ្សែសង្វាក់តម្លៃឱ្យកាន់តែស៊ីជម្រៅក្នុងអាជីវកម្មរបស់សហគមន៍កសិកម្ម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានអនុវត្តន៍កម្មវិធី KUSANONE នៅកម្ពុ ជាចាប់តាំងពីឆ្នាំ ១៩៩១មក ។ រហូតមកដល់ពេលនេះស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានផ្តល់ជំនួយច្រើនជាង ៦០០គម្រោង តាមរយៈជំនួយ KUSANONE។ ទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់គុណភាព នៃជីវភាពនៅកម្រិតមូលដ្ឋានក្នុងប្រទេសកម្ពុជា៕ ចែករំលែក