Detail Top Banner

លិចទូកក្នុងទន្លេមេគង្គ ពេលជិះទៅលេងកោះស្នេហា បាត់យុវតីស្រស់ស្អាត២នាក់

ខេត្តកណ្ដាល៖ យុវតី២នាក់ ក្នុងចំណោមនុស្សប្រមាណជាង ១០នាក់ទៀត បាននាំគ្នាជិះទូកឆ្លងទន្លេក្នុងគោលបំណងទៅលេងកំសាន្ដនៅកោះស្នេហា តែជាអកុសល ដោយសារទូកផ្ទុកមនុស្សច្រើននាក់ពេក ក៏បណ្ដាលឲ្យលិច ខណៈចេញពីច្រាំងប្រមាណជាង១០មែត្រ ធ្វើឲ្យយុវតីទាំង២នាក់នេះ បាត់ខ្លួនរកពុំទាន់ឃើញនៅឡើយនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។មន្ដ្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា៖ យុវតី២នាក់បាត់ខ្លួនទី១.ឈ្មោះ យឿន ស្រីពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ និងទី២.ឈ្មោះ ស្រី ណា ភេទស្រី អាយុ១៨ឆ្នាំ ។ យុវតីរងគ្រោះទាំង២នាក់ មានទីលំនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកទូកដែលលិចនោះ មានទំហ៊ំទទឹង១,៦០ម៉ែត្រ បណ្ដោយ៦,៥០ម៉ែត្រ ចាប់ម៉ាស៊ីនចំហៀង ជាកម្មសិទ្ធិរបស់ឈ្មោះ សន សយ ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ។ប្រភពដដែលបន្ដថា នៅថ្ងៃកើតហេតុ មានមនុស្សមួយក្រុមប្រហែលជាង១០នាក់ បាននាំគ្នាឡើងទូកក្នុងគោលបំណងជិះឆ្ពោះទៅកោះស្នេហា តែដោយទូកផ្ទុកលើសទម្ងន់(លើសចំណុះ) ក៏លិចក្នុងទឹកទន្លេ ខណៈធ្វើដំណើរចេញពីច្រាំងបានប្រហែលជាង១០ម៉ែត្រ ។

ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុក រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាជួយអន្ដរាគមន៍សង្គ្រោះ តែជាអកុសលក្នុងហេតុការណ៍នេះ ធ្វើឲ្យយុវតី២នាក់បាត់ខ្លួន រកពុំទាន់ឃើញនៅឡើយទេ ៕ ប្រភព នគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង