លោកនាយករដ្ឋមន្ត្រីចិន ទស្សនកិច្ចនៅទីក្រុង Wuhan ខណៈដែលចំនួនមនុស្សស្លាប់កើនដល់៨១នាក់

បរទេស៖ គិតត្រឹមរសៀលថ្ងៃចន្ទសប្តាហ៍ថ្មីនេះ អ្នកជំងឺម្នាក់ទៀតហើយបាត់បង់ជីវិត ដែលបានធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិននោះ កើនដល់រហូតដល់ ៨១នាក់ និងជាង ២ ៧៤០នាក់ទៀតឆ្លងនៅទូទាំងប្រទេសចិន ខណៈនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង ទើបតែបានទៅបំពេញទស្សនកិច្ចដោយផ្ទាល់ នៅទីក្រុង Wuhan ដើម្បីត្រួតពិនិត្យស្ថានភាពជាក់់ស្តែង។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០។

អាជ្ញាធរចិនបានចេញបញ្ជាឲ្យពន្យារពេលវេលាឈប់សម្រាក លើសពីការកំណត់ក្រោយបុណ្យចូលឆ្នាំថ្មី ដើម្បីជាការទុកពេលឲ្យអាជ្ញាធរ ធ្វើការទប់ស្កាត់ការរីករាលដាល នៃវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មីបន្ថែមទៀត។ ក្នុងករណីការងារចាំបាច់អាជីវកម្មធំៗ បុគ្គលិកនានាអាចធ្វើការងារពីផ្ទះរបស់ពួកគេបាន ដើម្បីកាត់បន្ថយហានិភ័យ ។

ការបំពេញទស្សនកិច្ចដោយផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីចិន លី ខឺជាំង គឺជាការបង្ហាញសញ្ញាថា រដ្ឋាភិបាលចិនកំពុងតែបង្កើនការប្រយុទ្ធប្រឆាំងកាន់ខ្លាំង ទៅហ្នឹងការរីករាលដាលនៃវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា ខណៈប្រធានអង្គការសុខភាពពិភពលោក WHO ក៏នឹងមកបំពេញទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះដែរ ដើម្បីសហការគ្នាជាមួយអាជ្ញាធរចិន ក្នុងការប្រយុទ្ធប្រឆាំងមេរោគ ដ៏សាហាវនេះជាសកលតែម្តង។

ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖

១- ប្រទេសចិន ឆ្លងជាង ២ ៧៤០នាក់ ក្នុងនោះស្លាប់ ៨១នាក់
២- ថៃ ៨ករណី
៣- អូស្ត្រាលី ៤ករណី
៤- បារាំង ៣ករណី
៥- ជប៉ុន ៤ករណី
៦- ម៉ាឡេស៊ី ៤ករណី
៧- សិង្ហបុរី ៤ករណី
៨- កូរ៉េខាងត្បូង ៣ករណី
៩- សហរដ្ឋអាមេរិក ៥ករណី
១០- វៀតណាម ២ករណី
១១- នេប៉ាល់ ១ករណី
១២- កាណាដា ១ករណី

ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត ដែលបានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។

នៅប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពប្រជាជនរបស់ពួកគេមួយចំនួន ដែលគេសង្ស័យថា អាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែកើតជម្ងឺផ្តាសាយធម្មតាតែប៉ុណ្ណោះ និងគ្មានផ្ទុកវីរុសកូរ៉ូណានោះទេ៕

អត្ថបទដែលជាប់ទាក់ទង