ឯកឧត្តម ម៉ម ប៊ុនហេង និង ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យផ្ទាល់ ចិនម្នាក់ដែលឆ្លងវីរុសកូរ៉ូណា


ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុរួចមក រដ្ឋមន្ត្រីទាំង២រូប បានចុះពិនិត្យដោយផ្ទាល់ នូវស្ថានអ្នកជំងឺជនជាតិចិនម្នាក់ ដែលមានផ្ទុកវីរុសកូរ៉ូណា ។


សូមជម្រាបថា បុរសជនជាតិចិន ដែលឆ្លងវីរុស កូរូណា ប្រភេទថ្មីនេះ មានឈ្មោះ ចា ជិនហួរ (Jia Jianhua) អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ជាមួយក្រុមគ្រួសារ៣នាក់ផ្សេងទៀត។ ក្នុងនោះ ក្រោយពិនិត្យនិងធ្វើវិភាគទាំងបួននាក់នេះរួចមក លទ្ធផលបង្ហាញថា មានវិជ្ជមានវីរុស កូរ៉ូណា តែម្នាក់គត់ គឺលោក ចា ជិនហួរ ។


គិតមកដល់ម៉ោង១០ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បុរសអ្នកមានជំងឺជនជាតិចិនរូបនោះ មានសភាពធម្មតា មិនមានចេញអាការអ្វីធ្ងន់ធ្ងរ ឈានដល់ការសង្គ្រោះបន្ទាន់ឡើយ ។ បុរសចិនរូបនោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ (ពេទ្យចំការចេក) ដែលបានដាក់បុរសចិនរូបនេះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង ខណៈសមាជិតគ្រួសារ៣នាក់ទៀត ស្ថិតនៅក្នុងការតាមដាន និងដាក់នៅបន្ទប់ដាច់ដោយឡែកមួយផ្សេងទៀត ។


ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសផ្លូវការ ដោយបានរកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីទីក្រុង វូហាន ប្រទេសចិន ចូលមកកាន់ប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ហើយ
មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ​បាន​បញ្ជាក់​ថា ជន​ជាតិ​ចិនប្រមាណ​ជាង​៣ពាន់​នាក់​ មក​ពី​ទីក្រុងវូហាន ពិត​ជា​កំពុង​ស្នាក់​នៅ​កម្ពុជា​ប្រាកដ​មែន។


លទ្ធផលពីវិទ្យាស្ថាន Pasteur ដែលបញ្ជាក់ពីការផ្ទុកមេរោគរលាកសួតថ្មី កូរ៉ូណា វីរុស លើបុរសជនជាតិចិនម្នាក់នេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានប្រកាសក្នុងសន្និសីទកាសែត កាលពីយប់ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ។


អាជ្ញាធរចិន ទើបតែបានបញ្ជាក់ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់១០៦នាក់ហើយ ខណៈមនុស្សចំនួន ៤,៣៧៩នាក់ទៀត បានឆ្លងដោយសារវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus) នេះ ៕

អត្ថបទដែលជាប់ទាក់ទង