រយៈពេល ៤០ឆ្នាំ ជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមមានចំនួនជាង ៦ម៉ឺននាក់
ខេត្តបាត់ដំបង៖ លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេសអនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ៦៤ ៨៥៥ នាក់ ។
នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន អាជ្ញាធរមីនបានសម្រេចដំឡើងប៉ាណូ ដែលមានរូបភាពនិងខ្លឹមសារអប់រំអំពីគ្រោះថ្នាក់ដោយសារមីនតោន នៅពេលប្រើប្រាស់គ្រឿងចក្រ ក្នុងតំបន់សង្ស័យព្រមទាំងលេខទូរស័ព្ទទំនាក់ទំនងដើម្បីដាស់តឿនបន្ថែមដល់ប្រជាពលរដ្ឋអោយចៀសវាងពីទង្វើដែលអាចនាំទៅរកគ្រោះថ្នាក់ជាយថាហេតុ ។
យោងតាមរបាយការណ៍អាជ្ញាធរមីនបានបញ្ជាក់ថា នៅឆ្នាំ២០១៩ កន្លងទៅនេះនៅទូទាំងប្រទេសកម្ពុជា មានជនរងគ្រោះដោយសារមីន និង ស.ផ.ស ចំនួន ៧៧នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ២៣នាក់ និងដោយសារ ស.ផ.ស ៥៤នាក់ បើប្រៀបធៀប ទៅនឹងឆ្នាំ២០១៨ មានជនរងគ្រោះ ៥៨នាក់ គឺកើនឡើង ១៩នាក់ ត្រូវជា៣៣% ។ នៅខេត្តបាត់ដំបង ក្នុងឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និង ស.ផ.សចំនួន ១១នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីន ៧នាក់ និងដោយសារ ស.ផ.ស ចំនួន ៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានជនរងគ្រោះចំនួន ៨នាក់ គឺកើនឡើង ៣៨%។ ក្នុងចំណោមជនរងគ្រោះ ១១នាក់ ក្នុងខេត្តបាត់ដំបងរួមមាន៖ ជនរងគ្រោះ ជាសិស្សសាលា ៣នាក់ ក្មេងក្រៅសាលាម្នាក់ កសិករ ៤នាក់ កម្មករស៊ីឈ្នួល បើកបរ២នាក់ និងជាយោធាម្នាក់ ឧប្បត្តិហេតុទាំងនោះ បានកើតឡើងនៅស្រុកសំឡូត ៤នាក់ ស្រុក កំរៀង ៣នាក់ ស្រុករតនមណ្ឌល ២នាក់ ស្រុកភ្នំព្រឹកម្នាក់ និងស្រុកបាណន់ម្នាក់។
ថ្លែងក្នុងពិធីដំឡើងផ្ទាំងប៉ាណូ ជាសារអប់រំមីន នៅសាលាបឋមសិក្សាអភិវឌ្ឍន៍សំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជាអតីតតំបន់សមរភូមិក្តៅនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ លោក លី ធុជ បានបញ្ជាក់ថា បាត់ដំបងជាខេត្តមួយក្នុងចំណោមខេត្តដែលមានអត្រាគ្រោះថ្នាក់ខ្ពស់ ៕ by KBN