Detail Top Banner

កម្លាំងចម្រុះទាំង​អស់ ឧត្តមសេនីយ៍ឯក ស ថេត​ ណែនាំឲ្យយកចិត្តទុកដាក់​លើជនបរទេស​ ដែលប្រើប្រាស់រថយន្ត​ស្លាកលេខ​ ន.ប ​និងខ.ម

(ភ្នំពេញ)៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំអោយកម្លាំងចម្រុះទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើជនបរទេសដែលបើកបរនៅក្នុងរាជធានីភ្នំពេញ ជាពិសេសជនបរទេសដែលប្រើប្រាស់រថយន្តដែលមានស្លាកលេខ នប និង ខម ។ល។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង ទាក់ទងទៅនឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ កាលពីដើមសប្តាហ៍នេះ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមស្នងការបានបញ្ជាក់ដល់ការិយាល័យជំនាញ ក៏ដូចជាអធិការខណ្ឌទាំង១៤ ឲ្យសិក្សាស្រាវជ្រាវអោយបានច្បាស់ ថាតើករណីគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនកើតឡើងនៅពេលណា ម៉ោងណា ដោយសារអ្វី ដែលគម្បីដាក់កម្លាំងអនុវត្តការងារអោយបានសមស្រប និងត្រឹមត្រូវតាមស្ថានភាពជាក់ស្តែង ។ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយអោយបាននូវអត្រាការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ឯកឧត្តមស្នងការបានដាក់ចេញនូវបទបញ្ជាដល់បណ្តាខណ្ឌទាំង១៤ និងការិយាល័យពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកម្លាំងចម្រុះដាក់តាមគោលដៅ គ្រប់ខណ្ឌ ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ រយ:ពេល ៧ថ្ងៃ ដើម្បីយកលទ្ធផលជាក់ស្តែង យកមកវិភាគ ប្រៀបធៀប ថាតើក្នុងកំឡុងពេលអនុវត្តការងារមួយសប្តាហ៍នេះ ថាតើមានការថយចុះកំរិតណា ?

 

ដោយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញនៅពេលយប់ មានចំនួនច្រើន ហេតុដូច្នេះ ក្នុងពេលឆាប់ៗខាងមុខនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមដោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ។ស្របពេលដែលត្រូវចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ ឯកឧត្តមស្នងការបានណែនាំដល់កម្លាំងទាំងអស់ ត្រូវគោរពវិន័យឲ្យបានល្អ អនុវត្តអោយបានម៉ឺងម៉ាត់ ដើម្បីទទួលបាននូវការសាទរ និងគាំទ្រពីមជ្ឈដ្ឋានទូទៅ៕

អត្ថបទដែលជាប់ទាក់ទង