នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​​ តំណាងសម្តេចតេជោ ហ៊ុន​ សែន ​បានប្រទានភ្លើងបូជាសព​ នាយឧត្តមសេនីយ៍​​ ខូរ​ ឈា​ ​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ

ខេត្តបន្ទាយមានជ័យ​​​ ៖ ថ្ងៃទី២៩​ ខែមករា​ ឆ្នាំ២០១៩​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា​ អមដំណេីរដោយក្រុមការងារថ្នាក់ជាតិ​ ថ្នាក់ក្រោមជាតិ​ បានប្រទានភ្លើងបូជាសព​ នាយឧត្តមសេនីយ៍ ខូរ​ ឈា​ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលនៅពីវេលាម៉ោង ១០.០០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយរោគាពាធ ក្នុងជន្មាយុ ៧០ឆ្នាំ។


ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសព​និងចាត់ទុកមរណភាពរបស់នាយឧត្តមសេនីយ៍ ខូរ​ ឈា​ គឺជាការបាត់បង់ហេីយក៏ជាបាត់បង់នូវឥស្សរជនជាន់ខ្ពស់របស់ជាតិដ៏ឆ្នេីមមួយរូបដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។


ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះដែរឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ តំណាងសម្តេចតេជោនាយករដ្ឋមន្រ្តីបានបួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ ខូរ​ ឈា​ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


ជាមួយនឹងទឹកចិត្តស្រលាញ់​អាលោះ​អាល័យ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកបច្ច័យរបស់សម្តេចតេជោហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ចំនួន៣០លានរៀលចូលរួមបុណ្យសព៕

អត្ថបទដែលជាប់ទាក់ទង