ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ផ្សព្វផ្សាយដល់មន្ទីរអង្គភាពទាំងអស់ក្នុងខេត្ត ពីវិធានការណ៍បង្ការការចម្លងវីរុស កូរ៉ូណា ប្រភេទថ្មី

ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំ កុរឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០បានអញ្ជើញផ្សព្វផ្សាយដល់មន្ទីរអង្គភាពទាំងអស់ក្នុងខេត្ត ពីវិធានការណ៍បង្ការការចម្លងវីរុស កូរ៉ូណា ប្រភេទថ្មី បន្ទាប់ពីបានរកឃើញជនជាតិចិន ម្នាក់ដែលមានអាយុ ៦០ឆ្នាំ មានឆ្លងវីរុស កូរ៉ូណា ប្រភេទថ្មី នៅខេត្តព្រះសីហនុ។

 

ជាមួយគ្នានេះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំពោះករណីបុរសជនជាតិចិន ដែលមានអាយុ ៦០ឆ្នាំម្នាក់ ដែលជាភ្ញៀវទេសចរមកកម្សាន្តខេត្តព្រះសីហនុ ក្នុង ចំណោមគ្នា ៤នាក់ មានម្នាក់រកឃើញថា មានវីរុស កូរ៉ូណា កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កន្លងមក កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការយកចិត្តទុកដាក់ត្រួតពិនិត្យ តាមដានពីក្រុមគ្រូពេទ្យ ដើម្បីរកការវិវត្តនៃជំងឺ កូរ៉ូណា បន្តទៀត ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានធ្វើការផ្សព្វផ្សាយវិធាន ការណ៍បង្ការការចម្លងវីរុស កូរ៉ូណាប្រភេទថ្មី ដែលមាន ១១ ចំណុចដូចជា ៖

១.ជៀសវាងធ្វើដំណើរ ឬផ្អាកប្រសិនមានគ្រុនក្តៅ និងក្អក ។

២.ប្រសិនមានគ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ត្រូវស្វែងរកការព្យាបាលជាបន្ទាន់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើររបស់អ្នកដល់គ្រូពេទ្យ ។

៣.ជៀសវាងការប៉ះពាល់ជាមួយអ្នកដែលមានគ្រុនក្តៅ និងក្អក ។

៤.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុលហ្សែល និងជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។

៥.នៅពេលក្អក ឬកណ្តាស់ត្រូវខ្ទប់មាត់ និងច្រមុះអ្នក ដោយប្រើកែងដៃ ឬក្រដាស រួចបោះ ចោលក្នុងធុងសំរាមភ្លាម និងលាងដៃរបស់អ្នក ។

៦.ប្រសិនអ្នកពាក់ម៉ាស់ ត្រូវប្រាកដថា ពាក់គ្របលើមាត់ និងច្រមុះ ប៉ុន្តែជៀសវាងការប៉ះម៉ាសផ្ទៃខាងក្រៅ នៅពេលកំពុងពាក់នឹងពេលដោះ ។

៧.ត្រូវដោះចោលភ្លាម នូវម៉ាស់ដែលបានប្រើរួច និងលាងដៃអោយស្អាតបន្ទាប់ពីដោះម៉ាស់ ។

៨.បើសិនអ្នកចាប់ផ្ដើមឈឺ ពេលកំពុងធ្វើដំណើរត្រូវប្រាប់អ្នកបម្រើលើយន្តហោះ និងស្វែងរកការព្យាបាលឱ្យបានឆាប់ និងប្រាប់ពីប្រវត្តិនៃការធ្វើដំណើរដល់ក្រុមគ្រូពេទ្យ ។៩.បរិភោគតែអាហារណាដែលឆ្អិនល្អ ។
១០.មិនត្រូវខាកស្ដោះនៅទីផ្សារសាធា រណៈ ។
១១.ជៀសវាងការប៉ះពាល់ និងធ្វើដំណើរជាមួយសត្វដែលឈឺ ។ ហើយវិធានការទាំងនេះ ជួយឱ្យយើងចាកផុត ពីការឆ្លងវីរុស កូរ៉ូណា បានដោយជោជ័យ ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានយកចិត្តទុកដាក់ និងបំពាក់ម៉ាស៊ីនវាស់កំដៅ នៅតាមព្រលានយន្តហោះអន្តរជាតិ និងច្រកអន្តរជាតិមួយចំនួនទៀត ព្រមទាំងបំពាក់បរិក្ខារ និងរថយន្តសង្គ្រោះនៅតាមចំណុចគោលដៅ ថ្វីត្បិតតែកម្ពុជាមិនទាន់មានឧបករណ៍ទំនើប ក៏ប៉ុន្តែយើងបានបំពេញការងារដោយការ ទទួលខុសត្រូវខ្ពស់ក្នុងការទប់ស្កាត់ការរីករាល នៃជំងឺផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគ ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្ដម សាយ សំអាល់ បានទៅពិនិត្យអ្នកជំងឺនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ផងដែរដើម្បីបញ្ជាក់បន្ថែមអោយកាន់តែច្បាស់ថែមទៀតអំពីវិរុសថ្មីនេះ និងបានទៅសួរសុខទុកបុរសជនជាតិចិន ដែលឆ្លងវីរុស កូរ៉ូណា នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហេីយមកទល់ពេលនេះ បុរសរូបនេះ មានសភាពធម្មតា មិនមានអាការៈអ្វីធ្ងន់ធ្ងរឡើយ ៕

អត្ថបទដែលជាប់ទាក់ទង