អភិបាលរាជធានីភ្នំពេញណែនាំលោកគ្រូអ្នកគ្រូជួយអប់រំសិស្សានុសិស្សឲ្យយល់ពីគុណ តម្លៃនៃសន្តិភាព

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញណែនាំឲ្យលោកគ្រូអ្នកគ្រូជួយអប់រំសិស្សានុសិស្សឲ្យយល់ពីគុណ តម្លៃនៃសន្តិភាព ដើម្បីជាមូលដ្ឋានគ្រឹះនៃការស្រលាញ់សន្តិភាព ហើយរួមគ្នាការពារសន្តិភាពឲ្យបានគង់វង្សដែលមិនឲ្យអ្នកមកបំផ្លាញបានឡើយ។


ថ្លែងនៅក្នុងពិធីបើកសន្និបាតការងារអប់រំរបស់មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា មានសន្តិភាពទើបមានអ្វីៗ ទំាងអស់ពិសេសមានសាលារៀនគ្រប់កម្រិតដែលបើកទ្វារឲ្យសិស្សានុសិស្សបានចូល រៀនក្រេបយកចំណេះដឹងដើម្បីពង្រីកសមត្ថភាពកសាងអនាគតនាពេលខាមុខ ដោយគ្មានការ ភ័យខ្លាច។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា សន្តិភាពនេះក៏បានបង្កលក្ខណៈ សព្វបែបយ៉ាងដល់លោកគ្រូអ្នកគ្រូក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន ហើយទទួលបាន ប្រាក់បៀវត្សកាន់តែមានកម្រិតខ្ពស់ ក្នុងការផ្គត់ផ្គង់ជីវភាពកាន់តែល្អប្រសើរ។


ឯកឧត្តមបានបញ្ជាក់ថា ការអប់រំសិស្សានុសិស្សនិងសង្គមឲ្យស្រលាញ់សន្តិភាព គឺធានាឲ្យកម្ពុជានៅតែរក្សាបានសុខសន្តិភាព ប្រទេសជាតិនិងប្រជាពលរដ្ឋមានអ្វីៗទាំងអស់ ហើយទោះក្នុងរូបភាពណាក៏ដោយមិនអោយជនអគតិណាមួយមកបំភ្លេចបំផ្លាញសុខសន្តិភាពនេះបានឡើយ ខណៈដែលសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកសាងសុខសន្តិភាពជូនកម្ពុជាមកដល់ពេលនេះបានដោយលំបាកណាស់។


ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទំាង អស់ត្រូវបង្កើនគុណភាពអប់រំដល់សិស្សានុសិស្ស ដើម្បីអោយពួកគេមានសមត្ថភាពពេញលេញ ក្លាយជាធនធានមនុស្សពិតប្រាកដ ដើម្បីសម្រាប់ការអភិវឌ្ឍប្រទេសជាតិផង និងអភិវឌ្ឍន៍ អនាគតរបស់ខ្លួនផង។


លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ថា មន្រ្តីគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅទូទំាងរាជធានីភ្នំពេញបានបំពេញការងារតួនាទី រៀងៗខ្លួនប្រកបដោយមនសិកាវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាឲ្យការអប់រំប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសនៃការសិក្សាពេញមួយជីវិតសម្រាប់ទំាងអស់គ្នា ទំាង ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។


សូមជម្រាបថា នៅរាជធានីភ្នំពេញមានគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋដូចជាសាលាបឋមសិក្សាចំនួន១៦៤ទីតាំងអនុវិទ្យាល័យវិទ្យាល័យមានចំនួន៦៨សាលា និងសាលាមតេយ្យសិក្សាមតេយ្យ​សហគមន៍មាន១៥៨ទីតាំងដោយរដ្ឋនិងឯកជនសរុបទាំងអស់មាន ជាង៣០ម៉ឺននាក់៕

អត្ថបទដែលជាប់ទាក់ទង