ស្ថានទូតអាមេរិកាំង រងការគម្រាមបំផ្ទុះគ្រាប់បែក
ភ្នំពេញ ៖ យោងតាមប្រភព KBN បានសរសេរថា អាជ្ញាធរខ្មែរ មិនអនុញ្ញាតឲ្យជនជាតិអាមេរិកម្នាក់ ចូលប្រទេស ក្រោយពីមានតម្រុយថា ជនជាតិអាមេរិករូបនោះប៉ុនប៉ងបំផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា ។
នេះបើតាមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលប្រាប់ក្រុមអ្នកកាសែត នៅក្រោយពិធិបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ។ លោកគ្រាន់តែថ្លែងថា ជនជាតិអាមេរិករូបនោះ មានបំណងបំផ្ទុះ គ្រាប់បែកនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា កាលពីឆ្នាំ២០១៩ និងថា បុរសអាមេរិកម្នាក់នោះ បានមកដល់កម្ពុជាក៏ពិតមែន ប៉ុន្តែភ្លាមៗនោះ គឺយើងបានបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ ក្រោយពីទទួលព័ត៌មានពីអាជ្ញាធរសហរដ្ឋអាមេរិក ដើម្បីស្នើសុំកិច្ចសហការ ។
យ៉ាងណាក៍ដោយ លោក គៀត ច័ន្ទថារិទ្ឋ មិនបានបញ្ជាក់អំពីអត្តសញ្ញាណជនជាតិអាមេរិករូបនោះទេដោយហេតុថា ភាគីជាមិត្តដែលផ្ដល់ព័ត៌មានសុំឲ្យលាក់អត្តសញ្ញាណ ៕