ជនពិការជើងម្នាក់ ត្រូវប្រជាការពារភូមិអ្នកតាទ្វារ សំពងបែកក្បាល និងបាក់ដៃទាំងពីរ
ខេត្តបាត់ដំបង៖ បើយើងក្រឡេកភ្នែកមួយភ្លែត ថាហេតុអ្វីបានជាអ្នកចេះដឹងធ្វើរឿងបែបសាហាវព្រៃផ្សៃយ៉ាងនេះ? បុរសវ័យចំណាស់ម្នាក់ពិការជើងម្ខាង រស់នៅភូមិអ្នកតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ត្រូវប្រជាការពារភូមិចិត្តកំណាចដៃឆៅយកព្រនង់ឫស្សី វាយសំពងគ្មានញញើតដៃ បណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក់ ព្រមទាំងបាក់ដៃទាំង២ខ្ទេចរងរបួសធ្ងន់ធ្ងរ គួរឲ្យសង្វេគ។
យោងតាមគណនីហ្វេសប៊ុក បង ផានិត ដែលបានបង្ហោះរូបជនរងគ្រោះ កាលពីម្សិលមិញ ដោយភ្ជាប់ជាមួយនឹងសំណេរថា « អាយុត្តិធម៌ណាស់ ប្រជាការពារនៅភូមិអ្នកតាទ្វារ ស្រុកមោងឫស្សីខេត្តបាត់ដំបង បានវ៉ៃធ្វើបាប លោកតាដែលគាត់ជាជនពិការជើង ហើយវ៉ៃដៃគាត់បាក់ទាំងសងខាង សូមសមត្ថកិច្ច ចុះអន្តរាគមន៍ផង នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង៧.០០នាទី សូមសមត្ថកិច្ចជួយអន្តរាគមន៍ផងព្រោះប្រជាការពារនៅស្រុកខ្ញុំនេះទំនងខ្លាំងណាស់បានមានបុណ្យស័ក្កបន្តិចបន្តួច ធ្វើបាបគេសូមបងប្អូនជួយចែករំលែកសៀកឲ្យដល់សម្ដេចតេជោ ផង»។
ក្រោយពីម្ចាស់គណនីហ្វេសប៊ុកខាងលើ បង្ហោះរូបភាពជនរងគ្រោះ និងសំណេរបំបែបនេះ បានតែប៉ុន្មានម៉ោង ផេករបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រតិកម្ម និងធ្វើសេចក្តីជូនដំណឹងភ្លាមៗ ដោយមានខ្លឹមសារថា « ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណៈជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមបានជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដែលបង្ហោះតាមបណ្តាញសង្គម លើកឡើងថា(ប្រជាការពារ)នៅភូមិអ្នតាទ្វារ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើហិង្សាទៅលើបុរសវ័យចំណាស់ម្នាក់ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះ នៅថ្ងៃទី៣០ ខែមករា ឆ្នំា២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាទៅលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ ចាត់វិធានការស្រាវជ្រាវលើករណីនេះហើយ ប្រសិនបើរកឃើញថា បុគ្គលណាជាអ្នកប្រព្រឹត្តិដោយហិង្សាទៅលើបុរសវ័យចំណាស់ ដូចការលើកឡើងក្នុងបណ្តាញសង្គមនោះអ្នកប្រព្រឹត្តិនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ។
សេចក្តីដូចបានជម្រាបជូនខាងលើសូមសាធារណៈជន ពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេតា្តជ្រាប និងចូលរួមសហការណ៍ជាមួយសមត្ថកិច្ចនគរបាល ដោយភាតរភាពបំផុត»។
ការដែលបានប្រព្រឹត្តទៅកើត វាពិតជាដោយសារមានមោទនភាពហួស នៃមនុស្សដែលគ្មានសតិសម្បជញ្ញៈគ្រប់គ្រាន់ក្នុងការគ្រប់គ្រងខ្លួន ដែលចុះធ្វើការច្រើនតែបង្កើននៅសមត្ថភាពខ្លួនហួសព្រំដែន ដើម្បីបង្ហាញអំពីអំនួតឲ្យចៅហ្វាយនាយមើល ក្នុងនោះបានបង្កទៅជាអំពើឃោរឃៅ ដូច្នោះក្នុងនាមបុគ្គលដែលជាអាជ្ញាធរត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិកាផង៕