ពិធីដាក់ឲ្យប្រើប្រាស់វីដេអូអប់រំ ស្តីពីការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍ក្នុងវ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់
(រតនគិរី)៖ នៅព្រឹកថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាខេត្តរតនគិរី បានប្រារព្ធ ធ្វើពិធីប្រកាសដាក់អោយប្រើប្រាស់វីដេអូ ស្តីពីការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍ វ័យកុមារ និងការមានផ្ទៃពោះជំទង់ ក្រោមអធិបតីភាព លោកជំទាវ ចក់ មើល ប្រធាន គ.ក.ស.ក និងជាសមាជិកក្រុមប្រឹក្សាខេត្ត កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូពាក់ពន្ធ និងសមាជិក សមាជិការ ជាច្រើនរូបផងដែរ ។
មានប្រសាសន៍ក្នុងពិធីប្រកាសខាងលើ លោកជំទាវ ចក់ មើល បានលើកឡើងថា វិស័យសុខុមាលភាពកុមារតាមរយៈ ការកាត់បន្ថយអំពើហឹង្សាលើកុមារ ត្រូវបានរាជរដ្ឋា ភិបាលយកចិត្តទុកដាក់បំផុត ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ច ដ៏ឧត្តុងឧត្តមនេះ ជូនក្រសួងពាក់ពន្ធ័នានា និងអាជ្ញាធរមានសម្ថកិច្ចទទួលខុសត្រូវគ្រប់គ្រង និងដោះស្រាយ ។
ដោយអនុវត្តតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលថ្នាក់ ដឹកនាំខេត្ត និងអង្គការដៃគូ បានធ្វើផែនការសកម្មភាពទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះវ័យជំទង់ សម្រាប់ខេត្តរតនគីរី ឆ្នាំ២០១៧-២០២១ ។
ផែនការនេះរួម ចំណែកសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ឈប់អាពាហ៍ ពិពាហ៍ក្នុងវ័យកុមារ និងការមានផ្ទៃពោះក្នុងវ័យជំទង់ដែលជាផ្នែកមួយនៃការអនុវត្តន៏ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយកាត់បន្ថយ ការមានផ្ទៃពោះរបស់មនុស្ស វ័យជំទង់និងការរៀបអាពាហ៍ពិពាហ៍ក្នុងវ័យកុមារ នៅសហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគីរី ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ និងផ្សព្វផ្សាយឧបករណ៍ និងវីដេអូនេះ ក្នុងគោលបំណង ៖
១. ផ្សព្វផ្សាយពីឧបករណ៍អប់រំផ្សព្វផ្សាយ វីដេអូអប់រំដែលបាន ផលិត ស្តីពីអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់ និងណែនាំពីគម្រោងព្រមទាំង ផ្តល់ព័ត៍មានដល់អ្នកពាក់ព័ន្ធទាំងអស់ដែលមានតួនាទី និងកាតព្វកិច្ចក្នុងការទប់ស្កាត់ អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់។
២.លើកកម្ពស់ការចូលរួមរបស់អ្នក ពាក់ព័ន្ធ និងសហគមន៍ ជាពិសេសកុមារីជនជាតិដើមភាគតិចខ្លួនឯងផ្ទាល់ក្នុងការ ទប់ស្កាត់អាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះវ័យជំទង់។
៣. ផ្សព្វផ្សាយបង្កើន ការយល់ដឹងពីហានិភ័យដែលពាក់ព័ន្ធលើបអាពាហ៍ពិពាហ៍វ័យកុមារ និងការមានផ្ទៃពោះ វ័យជំទង់។លោកជំទាវបានបន្តថា នៅទូទាំងសកលលោកក្នុងមួយឆ្នាំៗមានកុមារីច្រើនជាង ១៤លាននាក់ បានរៀបអាពាហ៍ពិពាហ៍នៅវ័យកុមារ ក្រោមអាយុ ១៨ឆ្នាំ។
យោងតាម ការសិក្សាស្រាវជ្រាវ បឋមស្តីពីអាពាហ៍ពិពាហ៍វ័យកុមារ និងកុមារជាមាតា ក្នុងចំណោម ក្មេងស្រីអាយុពី១២ឆ្នាំដល់១៧ឆ្នាំ ខេត្តរតនគិរី ដែលរៀបចំដោយ គណៈកម្មាធិការពិគ្រោះ យោបល់កិច្ចការស្ត្រី និងកុមារខេត្តរតនគិរី ឆ្នាំ២០១៩ បានបង្ហាញថាក្មេងស្រីជាច្រើន នៅតែរៀបការនៅវ័យជំទង់ ។ ក្មេងស្រីជំទង់ម្នាក់ក្នុងចំណោមក្មេងស្រីជំទង់ ០៩ នាក់ដែល មានអាយុពី១២ ដល់ ១៧ឆ្នាំ បានរៀបអាពាហ៍ពិពាហ៍ ។ ក្មេងស្រីជំទង់ក្នុងក្រុមអាយុ ពី ១៥ ដល់ ១៧ឆ្នាំ បង្ហាញពីអត្រារៀបអាពាហ៍ពិពាហ៍ខ្ពស់ជាងក្រុមអាយុដែលក្មេង ជាង ១២ ដល់ ១៤ឆ្នាំ ក្នុងស្រុកវើនសៃមានភាគរយខ្ពស់បំផុត នៃក្មេងស្រីដែលបានរៀបការ ហើយដែលមានអាយុ ១២ ដល់ ១៧ឆ្នាំ មានចំនួន១៩% អាយុ ១៥ ដល់ ១៧ឆ្នាំ មាន៣៣% ។
ស្រដៀងគ្នានេះដែរ ទិន្នន័យស្តីពីស្ថានភាពសម្រាលកូនបានបង្ហាញថា ស្ថានភាពសម្រាលកូនក្នុងចំណោមក្មេងស្រីវ័យជំទង់ នៅតែជាក្តីបារម្ភមួយក្នុងខេត្តរតនគិរី ក្មេងស្រីវ័យជំទង់ ៨ % ដែលមានអាយុពី ១២ ដល់ ១៧ឆ្នាំ បានសម្រាលកូន ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ។
ក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រី ៨នាក់ ដែលមាន អាយុពី ១៥ ដល់ ១៧ឆ្នាំ និងម្នាក់ក្នុងចំណោមក្មេងស្រី ២៥នាក់ ដែលមានអាយុ ១២ ដល់ ១៤ឆ្នាំ ត្រូវបានកត់ត្រាថា បានសម្រាលកូន។
លោកជំទាវបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអង្គការយូនីសេស្វ ដែលបានខិតខំជ្រោមជ្រែងគាំទ្រ និងប្រកាសដាក់ឱ្យប្រើប្រាស់វីដេអូអប់រំ ស្តីពីអាពាហ៍ពិពាហ៍ វ័យកុមារក្នុងខេត្តរតនគិរី ទន្ទឹមនេះដែរ លោកជំទាវសូមកោតសរសើរចំពោះ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងក្រុមការងារដែល បានយកចិត្តទុកដាក់មិនខ្លាចនឿយហត់ និងមានការអត់ធ្មត់រៀបចំពិធីសម្ពោធនេះ។
លោកជំទាវសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការជាតិនិងអន្តរជាតិទាំងអស់ដែលបានជួយដល់កុមារកម្ពុជា ធ្វើឲ្យកិច្ចការនានារីកចម្រើនជាលំដាប់៕ (ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី)