បើកម៉ូតូកង់បីដឹកបន្លែប្រញាប់យកទៅឲ្យម៉ូយ ជ្រុលទៅបុករថយន្តដឹកទឹកកកឈប់ឥតសណ្តាប់ធ្នាប់ ពីក្រោយបណ្តាលឲ្យបាត់បង់ជីវិត
ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥.៣០នាទីព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរនឹងយឿត្រីគីឡូម៉ែត្រលេខ៩ ស្ថិតនៅក្នុងក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរះ១ ខណ្ឌឬស្សីកែវ ដោយបុរសម្នាក់ជាអ្នកដឹកបន្លែនិងត្រីទៅឲ្យម៉ូយ នៅឯម្តុំភ្នំប្រសិទ្ធបានបើកម៉ូតូកង់បី ជ្រុលទៅបុករថយន្តដឹកទឹកកកឈប់ឥតសណ្តាប់ធ្នាប់ពីក្រោយទំហឹង បណ្តាលឲ្យបោកក្បាលបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ សុីម មេន អាយុ៤៧ឆ្នាំ ស្នាក់នៅម្តុំចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកហុីនយ៉ាន់ដាយកូរ៉េដឹកទឹកកក ពណ៌ខៀវពាក់ស្លាកលេខ កណ្តាល 2A-1939 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ កំពុងតែបើកបរតាមផ្លូវក៏ឈប់រថយន្ត ខណៈនោះស្រាប់តែមានបុរសម្នាក់កំពុងបើកម៉ូតូកង់បីដឹកបន្លែរបស់គាត់ពីក្រោយរថយន្តធ្វើដំណើរមកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុ ទើបជ្រុលបុកពីក្រោយបណ្តាលឲ្យជនរងគ្រោះបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកឯអ្នកបើកបររថយន្តដឹកទឹកកកវិញទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅឯការិយាល័យចរាចរផ្លូវគោករងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕