សម្តេចក្រឡាហោម ស ខេង ៖ ឲ្យអង្គការសមាគមស្វែងរកមតិរួម លើការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានអំពាវនាវឲ្យអង្គការសមាគមស្វែងរកមតិរួមលើការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
ក្នុងពិធីបើកវេទិកាស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៤ កាលពីព្រឹកថ្ងៃ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសអំពាវនាវឲ្យអង្គការសមាគម ស្វែងរកមតិរួម លើការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមកដល់ពេលនេះ អង្គការសង្គមស៊ីវិល ស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ចំនួន ១៧មាត្រាហើយ ដែលគ្រោងនឹងប្រជុំលើកទី៤ រវាងក្រសួងមហាផ្ទៃ និងអង្គការសមាគម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។
សម្តេចក្រឡាហោមបន្ថែមថា ដំណើរការប្រជុំធ្វើវិសោធនកម្មច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានប្រជុំពិភាក្សាគ្នា បាន ៣លើករួចមកហើយ ដោយបានឯកភាពគ្នា ៥មាត្រាហើយ ។ ប៉ុន្តែការពិភាក្សាលើសំណើរសុំធ្វើវិសោធនកម្មច្បាប់លើច្បាប់នេះ មានភាពយឺតយ៉ាវ ដោយសារតែតំណាងក្រុមអង្គការសង្គមស៊ីវិល នៅមិនទាន់មានភាពស្រុះស្រួល និងឯកភាពគ្នា លើខ្លឹមសារ គោលបំណង និងមូលហេតុនៃការស្នើសុំធ្វើវិសោធនកម្មច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលជាហេតុធ្វើឲ្យដំណើរការនៃការពិគ្រោះយោបល់នេះ ត្រូវការពេលវេលាសមស្រប ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន។
សម្តេចក្រឡាហោម បានបន្តថា រាជរដ្ឋាភិបាល នៅតែមានឆន្ទៈ ដើម្បីជំរុញបន្តដំណើរការប្រជុំពិគ្រោះយោបល់ជាមួយតំណាងក្រុមអង្គការសង្គមស៊ីវិល ដើម្បីទទួលបានលទ្ធផលជាវិជ្ជមាន ។
សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានប្រកាសថា គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០១៩ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជី នៅក្រសួងមហាផ្ទៃ សរុបចំនួន ៥៥៦៤ ក្នុងនោះ សមាគម ចំនួន ២២៤៨ និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ៣៣១៦ នៅឆ្នាំ២០១៩ កន្លងមក អង្គការសមាគមមិនមែនរដ្ឋាភិបាល ចំនួន ៣៨ ត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងផ្ទៃ ប៉ុន្តែចំនួននៃការបង្កើតសមាគម និងអង្គការក្នុងស្រុក តាមខេត្តនីមួយៗ មិនថយចុះនោះទេ ដែលជាមធ្យម ក្នុង ១ខែ មានអង្គការសមាគម ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ចំនួន ២០៕