សំណង់អគារខុនដូររបស់ការដ្ឋាន ហ៊ុយ បាំង គ្រុប ធ្លាក់បាក់ដងស្ទូចដែកពីលើដំបូលអគារ
ភ្នំពេញ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤កុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូររបស់ការដ្ឋាន ហ៊ុយ បាំង គ្រុប ស្ថិតនៅតាមផ្លូវថ្មី ខាងកើតទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្រាប់តែមានករណីធ្លាក់បាក់ដងស្ទូចដែកពី លើដំបូលអគារ មកក្រោមដល់ដីបណ្ដោយឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿងនិងត្រូវរថយន្តរបស់មន្ដ្រីទូតមួយគ្រឿង បង្កឲ្យមន្ត្រីទូតម្នាក់ជិះនៅក្នុងរថយន្តនោះរងរបួសយ៉ាងធ្ងន់ធ្ងរ ។
រថយន្តរងគ្រោះ ដែលត្រូវដែកស្ទូចធ្លាក់លើម៉ាក ហុងដា ពណ៌ស ពាក់ស្លាកលេខ CD-25 130 ដែលគេស្គាល់ថាជារថយន្តមន្ត្រីស្ថានទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា ប្រភពពីអ្នកដឹងហេតុការបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានឡើងទៅរុះរើ ដើម្បីបិទបញ្ចប់ការសាងសង់របស់ខ្លួន គេមិនដឹងថា ការរុះរើខុសបច្ចេកទេសយ៉ាងណានោះទេ ទើបបានជាបានឃើញ បាក់បំណែកដែកដងស្ទូច ធ្លាក់មកដល់ដី បណ្ដោយឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងត្រូវរថយន្តរបស់មន្ដ្រីទូតមួយគ្រឿងទៀតផងដែរ ដែលកំពុងធ្វើដំណើរតាមដងផ្លូវនោះ បណ្តាលឲ្យមន្ត្រីទូតម្នាក់ជិះនៅក្នុងរងរថយន្តរងរបួស ក្រោយពីកើតហេតុ មន្ត្រីរូបនោះត្រូវបានគេបញ្ជួនចេញពីកន្លែងកើតហេតុ មិនត្រូវបានគេទម្លាយឲ្យដឹងថារងរបួសធ្ងន់ ឬស្រាលនោះទេ ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលរដ្ឋានរួមទាំងអាជ្ញាធរខណ្ឌ រួមនិងមន្ត្រីជំនាញ និងតំណាងស្ថានទូត បានចុះទៅកន្លែងកើតហេតុពិនិត្យរកមូលហេតុនៃការបាក់ ជាលទ្ធផល អាជ្ញាធរសម្រេចផ្អាកការរដ្ឋាននោះជាបណ្តោះអាសន្ន រងចាំការដោះស្រាយ និងសម្រេចជាថ្មី៕