គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍បើកកិច្ចប្រជុំផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងសមា គមទូរទស្សន៍កម្ពុជាបាន បើកកិច្ចប្រជុំ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីបំផុសការផ្សព្វផ្សាយព័ត៌មានក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ពីបច្ចប្បន្នរហូតដល់ឆ្នាំ២០២៣។
ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមទូរទស្សន៍កម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំនេះមានសមាជិកជាបណ្តាស្ថានីយទូរទស្សន៍នានាបានចូលរួម ដោយឯកឧត្តមស្នើសុំការយោគយល់ពីអគ្គនាយក អគ្គនាយិកាទូរទស្សន៍ទាំងអស់ ដើម្បីជួយជំរុញដល់ការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយពីដំណើរការត្រៀមខ្លួន ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការផ្សព្វផ្សាយនិងព័ត៌មាននៃ CAMSOC បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីសំខាន់ណាស់ ដើម្បីបញ្ជ្រាបការយល់ដឹងម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជូនទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបបានត្រៀមខ្លួនពីការចូលរួម ហើយព្រឹត្តិការណ៍នេះ ត្រូវការអ្នកស្ម័គ្រចិត្ត ឬយុវជនចាប់ពី២ម៉ឺននាក់ឡើងទៅ។ ឯកឧត្តមសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះ ដើម្បីឱ្យស្ថានីយទូរទស្សន៍នានាបានចូលរួមពីទំហំនៃការផ្សាយពីប្រភេទកីឡាណាមួយ ហើយឯកឧត្តមស្នើឱ្យបណ្តាប្រព័ន្ធផ្សព្វផ្សាយជាតិទាំងអស់រួមគ្នាផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ខាងមុខ នៅកម្ពុជា។
ឯកឧត្ដមបានគូសបញ្ជាក់ថា “កិច្ចប្រជុំថ្ងៃនេះផ្តោតសំខាន់លើចំណុច គឺការរួមគ្នាជួយផ្សព្វផ្សាយពីកិច្ចការផ្សព្វផ្សាយស៊ីហ្គេម ឆ្នាំ២០២៣ និងដំណើរការផ្សព្វផ្សាយពីបច្ចុប្បន្នដល់ឆ្នាំ២០២៣ថា តើយើងគួររៀបចំខ្លួនយ៉ាងដូម្តេចខ្លះ? ដូច្នេះប្រព័ន្ធផ្សព្វផ្សាយជួយពន្យល់ពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់រូបនៅទូទាំងប្រទេស ដែលយើងត្រៀមទទួលភ្ញៀវជាប្រតិភូកីឡាទេសចរណ៍ ក៏ដូចជាផ្សព្វផ្សាយលើកកម្ពស់លើបញ្ហាចរាចរណ៍ បរិស្ថានស្អាត បំផុសស្មារតីឱ្យប្រជាពលរដ្ឋលេងកីឡា ពលរដ្ឋម្នាក់លេងកីឡា១មុខ ជាដើម។”
ឯកឧត្តមពិតជាអរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលជ្រោមជ្រែងដល់កិច្ចប្រជុំរវាងសមាគមទូរទស្សន៍ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដែលតែងតែរួមគ្នាផ្សព្វផ្សាយពីព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ នៅក្នុងប្រទេស ហើយនៅក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ដោយជាទូទៅ ក្នុងរយៈពេល២០ឆ្នាំ ឬ២២ឆ្នាំ ទើបដល់ប្រទេសធ្វើម្ចាស់ផ្ទះម្តង ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ក៏បានបញ្ជាក់បន្ថែមថា នេះគឺជាមោទភាពជាតិយើងទាំងមូល សម្រាប់ម្ចាស់ផ្ទះ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដូច្នេះចាប់ពីពេលនេះតទៅ យើងត្រូវតែបំផុសឱ្យហើយពីការត្រៀមខ្លួននេះ៕