រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច
ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួច ជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៨ និងវិធានការបន្ថែមនានា ក្រោមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានឯកភាព និងដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០១៩ កន្លងមក។
ក្នុងកិច្ចប្រជុំអន្តរក្រសួងកាលពីថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនោះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយផ្សេងទៀតគឺលទ្ធភាពនៃការធ្វើឱ្យ ប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។ ពាក់ព័ន្ធវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់ ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨នាថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ សម្តេចតេជោនាយក-រដ្ឋមន្រ្តី បានសម្រេចដ៏ខ្ពង់ខ្ពស់ដាក់ចេញនូវវិធានការកែទម្រង់ជាកញ្ចប់សំដៅកែលម្អបរិយាកាសវិនិយោគ លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងភាពប្រកួតប្រជែងរបស់កម្ពុជា និងបានណែនាំឱ្យគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តគិតគូរដាក់ចេញនូវវិធានការ កែទម្រង់បន្ថែមបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន៖ ១. ការកាត់បន្ថយថ្លៃឡូជីស្ទីក ថ្លៃសេវាលើកដាក់ និងថ្លៃសេវាផែ, ២. ការកាត់បន្ថយថ្លៃអគ្គិសនី, ៣. ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ៤. ការសម្រួលពាណិជ្ជកម្មតាមរយៈការលើកទឹកចិត្តផ្នែកសារពើពន្ធ, ៥. កាត់បន្ថយថ្ងៃឈប់សម្រាក, ៦. ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការងារដើម្បីឱ្យស្របទៅនឹងបរិបទថ្មីនៃសេដ្ឋកិច្ច, ៧. ការលើកស្ទួយវិស័យទេសចរណ៍, ៨. ការរៀបចំចំណតសាធារណៈ និងសណ្តាប់ធ្នាប់ ក្រុង, ៩. យន្តការគ្រប់គ្រងសំរាម និងសំណល់រឹង និង ១០. ការដោះស្រាយបញ្ហានៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងខេត្តព្រះ សីហនុ ជាដើម។ ក្រសួង-ស្ថាប័នទទួលបន្ទុក បានអនុវត្តវិធានការ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងទទួលបានការវាយតម្លៃខ្ពស់ពីវិស័យឯកជន និងមជ្ឈដ្ឋានទូទៅ ។ ក្នុងនោះ វិធានការមួយចំនួនត្រូវបានអនុវត្តតាមផែនការដែលបានគ្រោងទុក ស្របពេលដែលមានវិធានការខ្លះកំពុងត្រូវបានអនុវត្តជាជំហានៗ។ ប៉ុន្តែ ក៏មានវិធានការមួយចំនួនតូចតម្រូវឱ្យបង្កើនការខិតខំប្រឹងប្រែងដើម្បីពន្លឿនការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ចំណែកឯការធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជាជាការសិក្សារបស់ធនាគារពិភពលោក គឺជាការវាយតម្លៃបរិយាកាសក្នុងការធ្វើធុរកិច្ចនៅបណ្តាប្រទេសចំនួន ១៩០ តាមរយៈការផ្តល់ជាពិន្ទុ និងចំណាត់ថ្នាក់លើសូចនាករចំនួន ១០ ដែលគិតចាប់ពីការចាប់ផ្តើមអាជីវកម្ម រហូតដំណោះស្រាយលើអសោធនភាព មានជាអាទិ៍៖ ១. ការចាប់ផ្តើមអាជីវកម្ម (Starting a Business), ២. ការសុំការអនុញ្ញាតសាង់សង់ (Dealing with Construction Permits), ៣. ការតភ្ជាប់បណ្តាញអគ្គិសនី (Getting Electricity), ៤. ការចុះបញ្ជីអចលនទ្រព្យ (Registering Property), ៥. ការទទួលបានឥណទាន (Getting Credit), ៦. ការការពារវិនិយោគិនភាគហ៊ុនតិច (Protecting Minority Investors), ៧. ការបង់ពន្ធ (Paying Taxes), ៨. ពាណិជ្ជកម្មឆ្លងដែន (Trading Across Borders), ៩. ការអនុវត្តកិច្ចសន្យា (Enforcing Contract) និង ១០. ដំណោះស្រាយលើអសោធនភាព (Resolving Insolvency) ។
របបគំហើញពីការវាយម្លៃចំណាត់ថ្នាក់នៃភាពងាយស្រួលក្នុងការធ្វើធុរកិច្ច អាចជាឧបករណ៍មូលដ្ឋានដ៏សំខាន់មួយដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទាញការវិនិយោគនៅកម្ពុជា ព្រោះថាការវាយតម្លៃនេះមានភាពប្រាដកនិយម, ប្រើប្រាស់វិធីសាស្រ្តជាក់លាក់ និងផ្តល់ភាពជាម្ចាស់ខ្ពស់ដល់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ការធ្វើឱ្យប្រសើរ ឡើងនូវពិន្ទុ និងចំណាត់ថ្នាក់នៃសូចនាករដូចខាងលើទាំងនោះ នឹងជំរុញឱ្យភាពងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជាមានមានភាពប្រសើរឡើង និងប្រកួតប្រជែងជាងមុន ។ រាជរដ្ឋាភិបាល នឹងបន្តពិនិត្យលើសូចនាករអាទិភាពទាំងនោះ ដើម្បីដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ដែលអាចទទួលផលក្នុងរយៈពេលខ្លី ក្នុងការធ្វើឱ្យកាន់តែប្រសើឡើងនូវបរិស្ថាននៃការធ្វើធុរកិច្ច ក៏ដូចជាធានាបាននូវភាពប្រកួតប្រជែងកាន់តែប្រសើរឡើងនៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានខិតខំនិង ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តវិធានការកែទម្រង់កន្លងមក និងលើកទឹកចិត្តដល់គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តគាំទ្រ និងផ្តល់កិច្ចសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាបន្តបន្ទាប់ទៀត ។
សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងនេះ មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាល៕ by AKP
អរគុណសន្តិភាព