ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនាំក្មេងស្រីឲ្យទៅដេកជាមួយភ្ញៀវតាមផ្ទះសំណាក់
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចស្នងការដ្ឋានរាជធានីភ្នំពេញ បានបើកប្រតិបត្តិការកាលពីវេលាម៉ោង១៥.០០នាទីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ខ្លួនជនសង្ស័យម្នាក់ ជាអ្នកនាំក្មេងស្រីឲ្យទៅដេកជាមួយភ្ញៀវតាមផ្ទះសំណាក់ និងរំដោះនារីរងគ្រោះវ័យក្មេងបានចំនួន៦នាក់។
សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដោយមានចំណារពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញឲ្យបង្ក្រាបជាក់ស្តែងចំណារលេខ ០១០ អ.យ.វ ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ។
ប្រភពបន្តថា គោលដៅទី១ នៅចំណុចភោជនីយដ្ឋាន នៅតាមបណ្តោយផ្លូវលេខ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កេត រតនៈ ហៅ អាហ្សា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ និងជនរងគ្រោះចំនួន ២នាក់ ស្រី (នីតិជន) ។ គោលដៅទី២ នៅចំណុចផ្ទះសំណាក់ ស្វីតប៊ូទិកម៉ូតែល (Sweet Boutique Motel) ផ្លូវលេខ១០០៣ កែងផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនរងគ្រោះ ចំនួន ៤នាក់ ស្រី (អនីតិជន ២នាក់) នាំមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវ ។
ជាលទ្ធផល បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ និងជនរងគ្រោះចំនួន ០៦នាក់ ស្រី (អនីតិជន ០២នាក់) ករណី ប្រព្រឹត្តអំពើសញ្ចារកម្ម (នាំនារីក្មេងៗឲ្យរួមភេទជាមួយភ្ញៀវនៅតាមផ្ទះសំណាក់ និងសណ្ឋាគារ) នៅចំណុច ២គោលដៅ ផ្សេងគ្នា ។
បច្ចុប្បន្នការិយាល័យកំពុងកសាងសំណុំរឿង និងបញ្ជូជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចំណែកជនរងគ្រោះចំនួន ៦នាក់ (អនីតិជន២នាក់) ប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕