ពិធីប្រកាសព្រះរាជប្រកាសនីយបត្រតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមេគុណខេត្តថ្មី
ខេត្តក្រចេះ៖ សម្តេចព្រះមហាសុមេធាធិបតីកត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា យាងនិមន្តជាអធិបតី ក្នុងពិធីប្រកាសព្រះរាជប្រកាសនីយបត្រ តែងតាំងព្រះមេគុណខេត្ត និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនចំពោះព្រះវិមលរតន: ទេព ហត្ថា ព្រះរាជាគណ:ថ្នាក់កិត្តិយសឡើងជាព្រះសុគន្ឋសីលសារ ព្រះមេគណខេត្តក្រចេះតទៅ ។
ដោយពិធីមានការនិមន្តអមដំណើររដោយសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះពុទ្ឋជ័យមុនី ឃឹម សន,ព្រះរាជាគណ: និងមន្រ្តីសង្ឃ ព្រមទាំងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ រួមប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅរសៀលថ្ងៃ១៣កើត ខែមាឃ ព.ស២៥៦៣ ត្រូវថ្ងៃព្រហស្បត៍ ទី០៦ ខែកុម្ភ: ឆ្នាំ២០២០ នៅវត្តបុទមរង្សី ក្រគរ ក្រុងក្រចេះ ។
មានព្រះបន្ទូលពីសម្តេចព្រះមហាសុមេធាធិបតីកត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ៖ ក្នុងន័យរំលឹកបន្ថែមថា ថេរសភាសង្ឃខេត្ត ក្រុង ស្រុក ត្រូវយកព្រះទ័យទុកដាក់ ទប់ស្កាត់ និង រំងាប់អធិករណ៍នៅក្នុងទីអារាមឲ្យបានជ្រះស្រឡះ បើសិនជាមានកើតឡើង ឬ បម្រុងនឹងកើតឡើង។ ជាមួយគ្នានេះ ព្រះសង្ឃដែលជាសាវកនៃព្រះសម្មាសម្ពុទ្ធ ត្រូវបង្កើនការអប់រំពុទ្ធសាសនិកជនឲ្យចេះរៀនសូត្រប្រតិបត្តិធម្មវិន័យ ដោយមានព្រះត្រ័យបិតក ជាគោល ដើម្បីទុកជាគោលដៅតម្រង់ទិសនៃការអប់រំសីលធម៌សង្គម ។ ព្រះអង្គទ្រង់មានព្រះបន្ទូលរំលឹកអំពីគុណូបការៈដ៏ធំធេងចំពោះការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប្រសូតបាននូវជីវិតទី២ របស់ប្រជាជាតិកម្ពុជា ដែលជាមួយគ្នានោះ ព្រះពុទ្ធសាសនាក៏ត្រូវបានរស់ឡើងវិញ និង ត្រូវបានរដ្ឋធម្មនុញ្ញជាតិកំណត់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ។
សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បន្តព្រះបន្ទូលថា ៖ ការរស់ឡើងវិញទាំងអស់នេះ ពិតណាស់ គឺត្រូវបានដណ្តើមយកចេញពីរបបប្រល័យពូជសាសន៍ ដោយការលះបង់ និង បូជាជីវិត ដោយអ្នកស្នេហាជាតិក្នុងតម្លៃដែលមិនអាចកាត់ថ្លៃបាន ក៏ប៉ុន្តែសម្រាប់ការថែរក្សាសមិទ្ធផលរបស់ជាតិទាំងអស់នេះ គឺពិតជាមិនស្ថិតក្នុងភាពសាមញ្ញនោះទេ គឺពិតជាត្រូវការតម្លៃនៃសាមគ្គីធម៌ដោយសុឆន្ទៈ និង ស្មារតីទទួលខុសត្រូវជាធ្លុងមួយ ដោយសទ្ធាជាកុសលកម្មព្រមៗគ្នា រួមទាំង កាយ វាចា និង ចិត្ត ផងដែរ។ ហើយព្រះអង្គទ្រង់បានសូមឲ្យគោរពប្រតិបត្តិសិល៍សិក្ខាវិន័យឲ្យបានខ្ជាប់ខ្ជួនដឹកនាំព្រះសង្ឃក្រោមឱវាទឲ្យបានល្អ បង្រៀនធម៌វិន័យដល់សង្ឃឲ្យមានពុទ្ធិ និងដឹកនាំកសាងទីវត្តអារាម ជាមួយនិងញាតិ្តញោមពុទ្ធបរិស័ទ ដើម្បីថែរក្សាសានាព្រះពុទ្ធបរមគ្រូជាទីគោរព ជាស្រែបុណ្យរបស់ប្រជាពុទ្ធបរិសទ័ និងជាថ្នាល បណ្តុះគុណធម៌ដល់កុលបុត្រខ្មែរយើង ឈានទៅរកឋានបរមសុខ ពោលគឺព្រះនិពាន្វ ៕