អាជ្ញាធរជាតិព្រះវិហារទទួល ស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឌទូតសហរដ្ឌអាមេរិកប្រចាំនៅកម្ពុជានៅរមណីយដ្ឋានប្រាសាទកោះកែរ
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងថ្នាក់ ដឹកនាំនៃអាជ្ញាធរជាតិព្រះវិហារ បានទទួលបដិសណ្ឋារកិច្ច ឯកឧត្តម ប៉ាទ្រីក ម៊ើហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅព្រះរាជណាចក្រកម្ពុជា អញ្ជើញទស្សនៈកិច្ច សិក្សាស្វែងយល់អំពីកិច្ចការងារគ្រប់គ្រងនិងអភិរក្សរមណីយដ្ឋានប្រាសាទកោះកែរ។
ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកអគ្គរដ្ឋទូតទស្សនាប្រាសាទធំ និងប្រាសាទចិន ដោយមានការពន្យល់ បង្ហាញអំពីសកម្មភាពការងារស្នូលពី ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេក ទេសមកពីនាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ។
ក្នុងនោះផងដែរ អាជ្ញាធរជាតិព្រះវិហារបានចែករំលែកព័ត៌មានទូទៅអំពីប្រវត្តិនៃការសាងសង់ទីក្រុងកោះកែរ និងដំណើរការនៃការគ្រប់គ្រងរមណីយដ្ឋានប្រាសាទកោះកែរ កិច្ចការងាររៀបចំឯកសារចុះបញ្ជីប្រាសាទកោះកែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងកិច្ចការងារអភិរក្សប្រាសាទក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃខាងមុខផងដែរ។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតបានសំដែងនូវការកោតសសើរដល់ថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិព្រះវិហារទាំងអស់ ដែលបានខិតខំប្រឹងប្រែងលើកិច្ចការងារអភិរក្សប្រាសាទនានាក្នុងរមណីយដ្ឋានប្រាសាទកោះកែរ៕ អរគុណសន្តិភាព