” ថ្នាំញៀន ថ្នាំឆ្កួត ” នគរបាលប៉ុស្តិ៍កំពង់ស្វាយបានឃាត់ខ្លួនជនសង្ស័យ២នាក់
ខេត្តកណ្ដាល៖ ហេតុការណ៍នេះបានកើតឡើងត្រូវថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២០.៥០នាទី ដែលមានទីតាំងស្ថិតនៅចំណុចមុខសាលាបឋមសិក្សាកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យមានគ្នាចំនួន ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ឈ្មោះ រី ស្មៀន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទី២ឈ្មោះ ហុង សុខា ហៅ(លី) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូតរួមមាន ម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២កញ្ចប់តូច ម៉ូតូមួយគ្រឿងម៉ាក HONDA BEAT ពណ៌សក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១HS-១៦៩៩ មានលេខតួ ៩០១៦៨៤៤ និងលេខម៉ាសុីន ៩០១៧០៨០ សេរីឆ្នាំ២០១៩ ។
សភាពនៃរឿង កំលាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់ស្វាយ បានសហការណ៍ជាមួយកំលាំងប្រជាការពារធ្វើការល្បាតនៅក្នុងមូលដ្ឋានឃុំកំពង់ស្វាយ ដូចសព្វមួយដង ពេលជិះល្បាតមកដល់ចំនុចកើតហេតុខាងលើ ក៏ឃើញជនសង្ស័យទាំងពីរនាក់កំពង់ជិះម៉ូតូ ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចឃាត់សួរនាំរួចធ្វើការឆែកឆេរ ក៏ប្រទះឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនខុសច្បាប់(ម៉ាទឹកកក)ចំនួន ២កញ្ចប់តូចនៅនឹងជាប់នឹងខ្លួនឈ្មោះ ហុង សុខា ហៅ(លី)ភេទប្រុស ឃើញដូច្នេះសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលកំពង់ស្វាយ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ២កញ្ចប់តូចនេះជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានជិះម៉ូតូទៅទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅឯភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅប្រើប្រាស់។
ក្រោយពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់រួចហើយ សមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់ស្វាយ បានបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តចាត់ការតាមនីតិវិធី៕