អាជ្ញាធរជាតិអប្សរា នឹងប្រារព្ធខួប២៥ឆ្នាំ នៅសប្ដាហ៍ក្រោយ !
នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងរយ:ពេល២៥ឆ្នាំកន្លងមកនេះ អាជ្ញាធរជាតិអប្សរា សម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ក្នុងនោះរួមមានការងារអភិរក្សជួសជុលនូវប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការស្តារ និងដាក់ឱ្យប្រើប្រាស់ឡើងវិញនូវប្រព័ន្ធធារាសាស្ត្របុរាណសម័យអង្គរ ការជួសជុល និងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ជាពិសេសកិច្ចការសហគមន៍ក្នុងក្រុង/ស្រុកទាំង៥ ដែលនៅជុំវិញតំបន់ នៃរមណីយដ្ឋានអង្គរ។
ទាំងអស់នេះ បាននិងកំពុងចូលរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ ហើយក៏ធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ បានទទួលផលរីកចម្រើនគួរឱ្យកត់សម្គាល់ ។ នេះបើតាមការលើកឡើងរបស់លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងក្នុងកិច្ចសម្ភាសន៍នៅមុខប្រាសាទអង្គរវត្តកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
លោក ឡុង កុសល លើកឡើងថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាមានមន្ត្រី បុគ្គលិកនិងកម្មករជំនាញប្រមាណជិត៤ពាន់នាក់ ក្នុងនោះជាង៨០ភាគរយជាអ្នកមានដើមកំណើតនៅតំបន់អង្គរ។ លោកបានលើកផងដែរកាលពីបង្កើតអាជ្ញាធរជាតិអប្សរាដំបូងនៅឆ្នាំ១៩៩៥ បញ្ហាប្រឈមចម្បងគឺកត្តាធនធានមនុស្សនិងកត្តារួមផ្សំនៃភាពអសន្តិសុខ បញ្ហាហិរញ្ញវត្ថុ។ ដោយសារជួបបញ្ហាប្រឈមនេះ អាជ្ញាធរជាតិអប្សរាបានអនុវត្តការងារក្នុងក្របខ័ណ្ឌពហុភាគី ជាមួយគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ ICC ក្រោមការសម្របសម្រួលពីអង្គការយូណេស្កូ។ គណៈកម្មាធិការ ICCបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោកពេលទទួលចុះអង្គរវត្តទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជា បំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ភារកិច្ចសំខាន់របស់អាយស៊ីស៊ី(ICC) គឺ ស្រោចស្រង់ អភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានសៀមរាប-អង្គរ។ ICC បានបញ្ចប់ដំណាក់កាលស្រោចស្រង់អង្គរ ក្នុងរយៈពេល១០ឆ្នាំ(១៩៩៣-២០០៤)។ដោយសារគណៈកម្មាធិការ ICC បានបំពេញការងារយ៉ាងល្អ និងប្រសិទ្ធិភាពនៅអង្គរ ទើបសហគមន៍អន្តរជាតិបានមូលមតិគ្នាយកសកម្មភាព ICCនៅអង្គរជាគំរូ ហើយយកទៅអនុវត្តនៅបណ្តាប្រទេសផ្សេងៗទៀត។
លោក ឡុង កុសល បន្ថែមថា៖ ដើម្បីរំលឹក ព្រមទាំងផ្សព្វផ្សាយពីស្នាដៃសម្រេចបានក្នុងរយៈពេល២៥ឆ្នាំ ក៏ដូចជាចក្ខុវិស័យការងារនាពេលអនាគត អាជ្ញាធរជាតិអប្សរា នឹងរៀបចំស្តង់ផ្តល់ព័ត៌មាន ដើម្បីបង្ហាញនិងឆ្លើយសំណួរទូទៅ ការតាំងពិព័រណ៍ស្តីពីសមិទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅការងារ សម្រាប់រយៈពេលពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណប្រាសាទអង្គរវត្ត និ ក្រុងអង្គរធំ។ ទន្ទឹមនឹ នេះ អាជ្ញាធរជាតិអប្សរានឹងបើកទ្វារស្វាគមន៍ដល់សាធារណជន ព្រមទាំងសិស្ស និស្សិត ដើម្បីសិក្សាស្វែងយល់ពីការងារស្ថាប័នដោយផ្ទាល់ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងអាចសាកសួរព័ត៌មានពាក់ព័ន្ឋទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃក្នុងតំបន់ដែលគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ពាក់ព័ន្ឋទៅនឹងច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ក៏ដូចជាបើកឱ្យទស្សនាដោយសេរី មិនគិតថ្លៃ នូវសារមន្ទីរនានាស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ប្រារព្វខួប២៥ឆ្នាំនេះ កាន់តែពោរពេញដោយការចង់ចាំ និងអធឹកអធមបន្ថែមទៀត អាជ្ញាធរជាតិអប្សរានឹងរៀបចំពិធីសាសនានៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ដាក់ចង្ហាន់បិណ្ឌបាត្រប្រគេនព្រះសង្ឃចំនួន២២៥អង្គ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០វេលាម៉ោង៧៖៣០នាទីព្រឹកបន្ថែមទៀត។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមស្នើអញ្ជើញសាធារណជនទាំងអស់ ចូលរួមទស្សនាព្រឹត្តិការណ៍ និងពិធីសាសនាដូចមានជម្រាបជូនខាងលើ ឱ្យបានច្រើនកុះករ៕