កិច្ចប្រជុំណែនាំសកម្មភាពកិច្ចសហប្រតិបត្តិការ សម្រាប់សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន
កិច្ចប្រជុំក្រុមការងារថ្នាក់ខ្ពស់ ស្តីពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ានលើកទី៣៧ បានរៀបចំធ្វើឡើង នៅទីក្រុងហាណូយកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយបានស្នើឡើងនូវអនុសាសន៍ សំខាន់ៗ និងសកម្មភាពកិច្ចសហប្រតិបត្តិការសម្រាប់សមាហរណកម្មសេដ្ឋកិច្ចរបស់ប្លុកនេះ។ ព្រឹត្តិការណ៍នេះមានវត្តមានចូលរួមពីអនុរដ្ឋមន្រ្តីសេដ្ឋកិច្ច នៃប្រទេសជាសមាជិកអាស៊ាន និងអគ្គលេខាធិការរងអាស៊ានមួយរូប។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Tran Quoc Khanh ដែលជាប្រធានគណៈប្រតិភូចរចារបស់រដ្ឋាភិបាល ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិផងដែរ។ ទាក់ទងនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ កិច្ចប្រជុំនេះបានអនុវត្តន៍ការត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃផែនការសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ស្របពេលដែលមានការវិវត្តន៍ដ៏ស្មុគស្មាញ និងមានភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក និងតំបន់។ ផ្អែកទៅលើលទ្ធផលនៃកិច្ចពិភាក្សា ពួកគេបានស្នើឡើងនូវអនុសាសន៍មួយចំនួនដល់រដ្ឋមន្រ្តី និងមេដឹកនាំអាស៊ាន ដើម្បីជួយឱ្យសម្រេចបាននូវគោលដៅសសរស្តម្ភ។ អ្នកចូលរួមទាំងអស់បានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រទូទៅ សម្រាប់ប្លុកនៅក្នុងបដិវត្តឧស្សាហកម្មទី៤ ប្រព័ន្ធគ្រប់គ្រងឯកសារស្របច្បាប់នៅក្នុងអាស៊ាន និងអាទិភាពនៅក្នុងសសរស្តម្ភសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២០ ដែលស្នើឡើងដោយប្រទេសវៀតណាម ដែលកំពុងធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២០។ ដើម្បីបង្កើនភាពជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាមួយដៃគូរបស់ប្លុក កិច្ចប្រជុំនេះក៏បានពិនិត្យពិចារណាទៅលើបញ្ហាពាក់ព័ន្ធមួយចំនួន ដូចជាវិធីសាស្រ្ត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ថ្មី និងដំណើរការចរចានៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ។
នៅក្នុងព្រឹត្តិការណ៍នេះ ការចូលរួមវិភាគទានរបស់វៀតណាម ជាពិសេសការទាក់ទងនិងអាទិភាពសេដ្ឋកិច្ចអាស៊ានសម្រាប់ឆ្នាំ ២០២០ ត្រូវបានវាយតម្លៃខ្ពស់ដោយប្រទេសដទៃទៀត និងចាត់ទុកថា ជាមូលដ្ឋានសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមប្រទេសជាសមាជិក៕