អាជ្ញាធរជាតិអប្សរា រៀបចំពិធីរាប់បាត្រព្រះសង្ឃ ១២៥អង្គ នៅប្រាសាទអង្គរវត្ត អបអរខួប ២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា
សៀមរាប៖ អាជ្ញាធរជាតិអប្សរា រៀបចំពិធីរាប់បាត្រព្រះសង្ឃ ១២៥អង្គ នៅប្រាសាទអង្គរវត្ត អបអរខួប ២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។
កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីក្រុងពលី ដើម្បីសុំសេចក្តីសុខចម្រើន ដឹកនាំដោយឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា នៅផ្លូវចូលខាងលិចប្រាង្គប្រាសាទអង្គរវត្ត ក្នុងឱកាសគម្រប់ខួប ២៥ឆ្នាំ ។
ក្នុងនោះក៏មានការដាក់បង្ហាញពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា អស់ពេល ២៥ឆ្នាំកន្លងមកនេះ មានការអភិរក្ស ការជួសជុល និងការអភិវឌ្ឍក្នុងរមណីយដ្ឋានអង្គរ តាមរយៈផ្ទាំងរូបថត តាំងបង្ហាញជូនសាធារណជន ឲ្យចូលទស្សនាកម្សាន្ត និងស្វែងយល់ផងដែរ។
អាជ្ញាធរជាតិអប្សរា ក៏បានស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិ ក្នុងការចូលរួមទស្សនា អំពីសមិទ្ធផលការងារនានា នៃការបង្កើតអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ៕