ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ករណីកប៉ាល់ទេសចរណ៍ Westerdam
ព្រះសីហនុ៖ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅឯកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាទីតាំងនាវាទេសចរណ៍ Westerdam ឈប់សំចត ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានចំណាត់ការ ក៏ដូចជាវិធានការផ្សេងៗយ៉ាងលឿន និងមានប្រសិទ្ធភាព ក្នុងការជួយអន្ដរាគមន៍ដល់ភ្ញៀវទេសចរនៅលើកប៉ាល់ ដើម្បីជួយសម្រួលដល់ពួកគេមានសុវត្ថិភាព និងបានត្រលប់ទៅប្រទេសកំណើតវិញ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណចំពោះបុគ្គលិកស្ថានទូតអាមេរិក ដែលកំពុងមានវត្តមាននៅព្រលានយន្តហោះកងកេង និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលបានជួយសម្រួលដល់ការនិវត្តរបស់អ្នកទេសចរទាំងអស់ទៅកាន់មាតុប្រទេសរបស់គេវិញដោយសុវត្ថិភាព។ ឯកឧត្តមបានរម្លឹកថា “ខ្ញុំមានការរំភើបក្រៃលែង នៅពេលដែលខ្ញុំមកកាន់ប្រទេសកម្ពុជាជាលើកដំបូងជាមួយគ្រួសារខ្ញុំ គឺខ្ញុំបានទទួលការរាក់ទាក់ ស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ ហើយខ្ញុំកាន់តែរំភើបបន្ថែមទៀតនៅពេលដែលខ្ញុំមកកាន់ទីនេះ ហើយឃើញអ្នកទេសចរអាមេរិក និងជនជាតិផ្សេងៗទៀត ទទួលបានការស្វាគមន៍ដូចគ្នា។”
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជួបប្រាស្រ័យទាក់ទង និងពិភាក្សាជាមួយអ្នកទេសចរជនជាតិអាមេរិក និងជនជាតិផ្សេងៗទៀត នៅលើកប៉ាល់ ហើយពួកគេបានសម្តែងនូវការដឹងគុណចំពោះអាជ្ញាធរកម្ពុជា ក៏ដូចជាភាគីស្ថានទូតរៀងៗខ្លួនដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលឱ្យពួកគេបានវិលត្រលប់ទៅកាន់ប្រទេសពួកគេវិញ។ ឯកឧត្តម W. Patrick Murphy ក៏បានឱ្យដឹងផងដែរថា ក្នុងចំណោមអ្នកដំណើរនៅលើនាវាមួយនេះ មានជនជាតិអាមេរិក ប្រមាណ៦០០នាក់ ហើយខ្លះក៏បានចាកចេញពីនាវា ដើម្បីធ្វើដំណើរទៅកាន់ប្រទេសដើមវិញផងដែរ។
សូមរម្លឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្ស ដែលមានម្ចាស់ជាជនជាតិហូឡង់កាត់អាម៉េរិក និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលផ្ទុកមនុស្សជាង២.២០០នាក់ ចូលសំចតនៅកំពង់ផែក្រុមព្រះសីហនុ ក្រោយពីប្រទេស និងកោះមួយចំនួន បានបដិសេធមិនឱ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុក Covid-19។ ការសម្រេចចិត្តរបស់កម្ពុជានេះ ទទួលបាននូវការសាទរ និងការដឹងគុណពីសំណាក់មជ្ឈដ្ឋានផ្សេងៗ ពីគ្រប់ទិសទី ក្នុងនោះមាន ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានបង្ហោះសារជាសាធារណៈតាមបណ្ដាញ Twitter ដោយថ្លែងកោតសរសើរ និងអរគុណដល់ប្រទេសកម្ពុជាដែលបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ៕ by AKP