ពិធីសម្ពោធរូបសំណាកឯកឧត្តម អួន សាបូ បិតាស្ថានិក វិទ្យាស្ថាន បូលីណូ អន្តរជាតិ សាកលវិទ្យាល័យអន្តរជាតិ
ខេត្តកំពង់ឆ្នាំ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាកលវិទ្យាល័យអន្តរជាតិ ភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងពិធីសម្ពោធរូបសំណាកឯកឧត្តម អួន សាបូ បិតាស្ថានិក វិទ្យាស្ថាន បូលីណូ អន្តរជាតិ សាកលវិទ្យាល័យអន្តរជាតិ អតីតសាកលវិទ្យាធិការ និងជានាយកក្រុមហ៊ុនបូលីណូអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម សាបូ អូហ្សាណូ សាកលវិទ្យាធិការ សាកលវិទ្យាល័យអន្តរជាតិ លោកជំទាវ អ៊ុក រ៉ាវីន និងឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មានព្រមទាំងនាយកសាលា សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូ ។
លោក ស៊ីវ សារិន្ទ នាយករងវិទ្យាស្ថានបូលីណូនៃសាកលវិទ្យាល័យអន្តរជាតិ បានជំរាបជូនឯកឧត្តមសាកលវិទ្យាធិកា និងលោកជំទាវ នៅក្នុងអង្គពិធី អំពីសមទ្ធិផលនានា នៃវិទ្យាស្ថានបូលីណូ ទទួលបានជោគជ័យ និងលើកពីទស្សនៈវិស័យរបស់ឯកឧត្តម អួន សាបូ ដែលវិទ្យាស្ថានបូលីណូ កំពុងអភិរក្ស និងអភិវឌ្ឍន៍បន្ត ដល់អង្គពិធីទាំងមូលជ្រាប និងបានធ្វើការប្តេជ្ញាចិត្ត ដើម្បីធ្វើឲ្យវិទ្យាស្ថានកាន់តែមានសមត្ថភាព គុណភាព និងរីកចំរើនទៅមុខតាមលំអានដែលឯកឧត្តម អួន សាបូ បានបន្សល់ទុកឲ្យ។
ឯកឧត្តម សាបូ អូហ្សាណូ សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យអន្តរជាតិ មានប្រសាសន៍ថា ក្រោមដំបូលនៃសុខសន្តិភាព និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបយើងមានអ្វីមកដល់ថ្ងៃនេះ។
និយាយជារួមនិងដោយឡែក នៅក្នុងពិធីសម្ភោធរូបសំណាក ឯកឧត្តម អួន សាបូ គឺដើម្បីរំលឹកដល់ថ្ងៃនៃកំណើតរបស់លោក ពោលគឺថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៥២ និងជាពិសេសដើម្បីរំលឹកដល់គុណូបការៈដ៏ឧត្តុង្គឧត្តមដែលឯកឧត្តមសាស្រ្តាចារ្យក្នុងនាមបីតាស្ថាបនិកក្រុមហ៊ុន បូលីណូ គ្រុប។
ឯកឧត្តម សាម៉ន បណ្ឌិត្យ អនុរដ្ឋលេខាធិកាដ្ឋាននៃក្រសួងព័ត៌មានលើកឡើងថា គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ បុគ្គលិក និស្សិត សាកលវិទ្យាល័យ អន្តរជាតិ និងវិទ្យាស្ថានបូលីណូ ក្រោមការដឹកនាំ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការសាកលវិទ្យាល័យ អន្តរជាតិ បានប្រារព្ធពិធីសម្ភោធរូបសំណាក ឯកឧត្តម សាស្រ្តាចារ្យ អ៊ួន សាបូ បីតាស្ថាបនិក នៅទីតាំងនៅវិទ្យាស្ថាន បូលីណូ ខេត្តកំពង់ឆ្នាំងនេះ គឺបានគាស់រំលឹកឡើងពីគំរូវីរភាពរបស់ឯកឧត្តម អួន សាបូ ដែលឯកឧត្តមបានបន្សល់ទុកនូវស្នាដៃមិនអាចបំភ្លេចបាន ហើយថ្នាក់ដឹកនាំនិងសាស្ត្រាចារ្យទាំងអស់ ត្រូវរួមគ្នាបន្តរក្សាការពារ និងរកវិធីសាស្ត្រថ្មីៗ ដើម្បីបំរើវិស័យអប់រំក្នុងវិទ្យាស្ថាន ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមក៏បានរំលឹកត្រួសៗ អំពីប្រវត្តិឯកឧត្តម អួន សាបូ និងភាពអង់អាចក្លាហាន តស៊ូ ពុះពាររាល់ឧបសគ្គ ក្នុងការកសាង ក្រុមហ៊ុន បូលីណូអន្តរជាតិ រហូតបានបន្សល់ស្នាដៃមកដល់ថ្ងៃនេះផងដែរ។
សូមរំលឹកពីប្រវត្តិឯកឧត្តម អួន សាបូ ដូចខាងក្រោមនេះ :
<< ឯកឧត្តមសាស្ត្រាចារ្យ អ៊ួន សាបូ ប្រសូតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៥២ នៅក្នុងគ្រួសារក្រីក្រមួយនាទីក្រុងភ្នំពេញ។
លោកមានឪពុកឈ្មោះ អួន រួនមានមុខរបរជាជាងទឹក បានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ម្តាយរបស់លោកសាស្ត្រាចារ្យមានឈ្មោះថា ខៀវ យ៉ុង ជាអ្នកលក់បបរបានទទួល មរណភាពក្នុងឆ្នាំ១៩៩៥ ។
ថ្វីបើជីវិតជួបប្រទះការលំបាកយ៉ាងណាក៏ដោយ លោកសាស្ត្រាចារ្យបានទទួលការបីបាច់ថែរក្សាយ៉ាងល្អប្រសើរ ពេលមានអាយុ ៦ឆ្នាំ ឪពុកលោក បានបញ្ជូនលោកទៅរៀននៅបឋមសិក្សានាសាលារៀនក្នុងវត្តមួយ នៅទីក្រុងភ្នំពេញ បន្ទាប់មកលោកក៏បានផ្ទេរទៅរៀននៅវិទ្យាល័យឯកជន ដោយសារលោកជាអ្នកខិតខំព្យាយាមប្រឹងប្រែងរៀនសូត្រពីកំណើត លោកបានប្រឡងជាប់ ហើយចូលរៀននៅសាលាកសិកម្មព្រែកលាប ក្នុងឆ្នាំ ១៩៦៧ ដែលក្រោយមកលោកបានបន្តចូលរៀនមហាវិទ្យាល័យគរុកោសល្យ។
លោកបានចាប់ផ្ដើមបម្រើការងាររដ្ឋដំបូងជាមន្ត្រីរៀបចំដែនដីនៅក្នុងផ្នែកសូរិយោដីលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយាលោកគឺលោកស្រី គួច សេងសាលី នៅក្នុងឆ្នាំ១៩៧២ ហើយបន្ទាប់មកនៅថ្ងៃទី១១ ខែមេសា ឆ្នាំ១៩៧៣ លោកបានប្រសូតបុត្រជាទីស្រឡាញ់ម្នាក់ក្នុងថ្ងៃប្រកបដោយនក្ខត្តឫក្សដ៏ឧត្តមនោះគឺ ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ ដែលបច្ចុប្បន្នជាអគ្គនាយក ក្រុមហ៊ុនបូលីណូគ្រុប ជាសាកលវិទ្យាធិកា នៃសាកលវិទ្យាល័យអន្តរជាតិ និងជាអគ្គនាយកទូរទស្សន៍នាគព័ន្ធ (NTV)សព្វថ្ងៃ ។
បន្ទាប់ពីបានទទួលជោគជ័យក្នុងកិច្ចការបម្រើប្រទេសជាតិ ហើយដោយសារតែមានទេពកោសល្យ និងការច្នៃប្រឌិតដ៏ប៉ិនប្រសព្វ លោកសាស្ត្រាចារ្យ អ៊ួន សាបូ ត្រូវបានជ្រើសតាំងឲ្យបំពេញកិច្ចការ និងបេសកកម្មជាច្រើននៅទូទាំងប្រទេសកម្ពុជារហូតដល់ការចូលកាន់កាប់របស់ពួកខ្មែរក្រហម លោកត្រូវបានគេបង្ខំឲ្យធ្វើជាទាសករ។
ក្រោយថ្ងៃរំដោះនៅក្នុងឆ្នាំ១៩៧៩ លោកសាស្ត្រាចារ្យ អ៊ួន សាបូ បានចូលរួមជាមួយរដ្ឋាភិបាលដើម្បីជួយស្ដារនិងកសាងប្រទេសដែលបានទទួលរងនូវការខូចខាតខ្ទេចខ្ទាំឡើងវិញ ក្នុងមុខតំណែងជាអនុប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ៣ឆ្នាំក្រោយមកលោកបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាជំនាញគ្រប់គ្រងសហគមន៍នៅអតីតសហភាពសូវៀត លោកបានត្រឡប់មកវិញនៅមួយឆ្នាំក្រោយហើយបានចូលបម្រើការងាររដ្ឋបន្តទៀត លោកនៅតែបន្តបេសកកម្មយ៉ាងសកម្មនិងស្វាហាប់ក្នុងការបំពេញកិច្ចការហើយទទួលបានមេដៃ និងរង្វាន់ស្ថាបនាជាច្រើនទៀតផង ក្នុងកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានតួនាទីជាមន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានការទូតនិងទំនាក់ទំនងអន្តរជាតិនៅក្នុងដំណាក់កាលនៃការធ្វើកំណែទម្រង់រដ្ឋបាលរដ្ឋាភិបាលក្នុងឆ្នាំ១៩៩២ លោកសាស្ត្រាចារ្យ អ៊ួន សាបូ ត្រូវបានតែងតាំងជាអនុប្រធាននាយកដ្ឋានជនបរទេស ក្នុងក្រសួងមហាផ្ទៃនិងត្រូវបានផ្ដល់គោរមងារជាឧត្តមសេនីយ៍ត្រី នឹងមានការិយាល័យប្រចាំការនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ។
នៅក្នុងឆ្នាំ២០០២ លោកមានទស្សនវិស័យមើលឃើញថាប្រទេសកម្ពុជាត្រូវការជាបន្ទាន់នូវគ្រឹះស្ថានសិក្សាអប់រំឯកជនមួយដើម្បីលើកស្ទួយវិស័យអប់រំសុខាភិបាល ដោយបានការជួយជ្រោមជ្រែងពីទាយាទ ញាតិមិត្តជាពិសេសបុត្ររបស់លោក គឺលោកបណ្ឌិត សាបូ អូហ្សាណូ ដែលលោកមានសញ្ញាបត្រថ្នាក់បណ្ឌិតវិទ្យាសាស្រ្តសុខាភិបាលពីប្រទេសរុស្ស៊ីផងនោះ លោកបានបង្កើតសាកលវិទ្យាល័យអន្តរជាតិ ស្ថិតក្រោមដំបូលនៃក្រុមហ៊ុនរបស់លោកដែលមានឈ្មោះថា ក្រុមហ៊ុនបូលីណូអន្តរជាតិ (បូលីណូ : តំណាងឱ្យពាក្យ
” បូ ” : មកពីឈ្មោះលោកផ្ទាល់ សាបូ ។
” លី ” : មកពីឈ្មោះភរិយាជាទីស្រឡាញ់របស់លោកឈ្មោះ សាលី ។
” ណូ ” : មកពីឈ្មោះបុត្រជាទីស្រលាញ់ អូហ្សាណូ )។
ដោយសារឆន្ទៈ និងការលះបង់យ៉ាងមុតមាំ លោកបានធ្វើវិនិយោគម្ដងហើយម្ដងទៀតដោយចំណាយទ្រព្យសម្បត្តិទាំងអស់នូវប្រាក់ដែលលោករកបានចាប់តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១២ ទៅលើការសាងសង់និងអភិវឌ្ឍន៍សាកលវិទ្យាល័យអន្តរជាតិ ហលយក៏ត្រូវបានទទួលស្គាល់ជាផ្លូវការនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យវេជ្ជសាស្ត្រឯកជនដំបូងគេ និងវិទ្យាស្ថានមួយចំនួនទៀតដូចជា :
-មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ -វិទ្យាស្ថានបូលីណូ -គ្លីនិកសែនសុខ -មជ្ឈមណ្ឌលបោះពុម្ពផ្សាយIU -មជ្ឈមណ្ឌលព័ត៌មានសែនសុខ -រោងចក្រឱសថIU -សាលារៀនអន្តរជាតិIU -ស្ថាប័នជាច្រើនដទៃទៀត។
លោកហាក់ដូចជាដឹងមុនថា នឹងត្រូវចាកចេញដោយមិនកំណត់ពេលវេលា ដូច្នេះហើយ លោកបានដឹកនាំ និងហ្វឹកហាត់បុត្ររបស់លោក ដើម្បីឱ្យមានសមត្ថភាពបន្តបេសកកម្មដែលមិនទាន់បានសម្រេចនានា។
ជាការពិតណាស់ ថ្ងៃដ៏ក្រៀមក្រំបានមកដល់ ដោយសារជម្ងឺមហារីក លោកបានទទួលមរណៈភាព នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១០ ដោយរោគាពាធ៍ និងបានបន្សល់ទុកឲ្យភរិយា បុត្របង្កើត បុត្រប្រសារ និងចៅស្រី នូវភាពសោកសៅ និងបន្តភារកិច្ចតាមមាគ៌ាដែលលោកបានត្រួសត្រាយ។
ឯកឧត្តមសាស្ត្រាចារ្យ អ៊ួន សាបូ បានទទួលអនិច្ចកម្ម ក្នុងនាមជាអ្នកដឹកនាំបង្កើតគ្រឹះស្ថានអប់រំវេជ្ជសាស្ត្រឯកជនដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តកម្ពុជា ជាអ្នកសាងសង់មន្ទីរពេទ្យ និងបណ្ដុះបណ្ដាលផ្នែកវិស័យសុខាភិបាលមុនគេនៅកម្ពុជា ជាបុរសដែលមានទស្សនៈវិស័យនិងការប្ដេជ្ញាចិត្តខ្ពស់ ជាឧត្តមសេនីយ៍ទោ និងជាវីរៈជនគំរូដល់សង្គមជនក្រីក្រនៅកម្ពុជា >> ។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការសាកលវិទ្យាល័យ អអន្តរជាតិ មានសេចក្តីសោមនស្ស រីករាយក្រៃលែង ក្នុងកម្មវិធីសម្ភោធនេះផងដែរ លោកក៏បានក្រើនរំលឹកទៅដល់សាស្ត្រាចារ្យ ថ្នាក់ដឹកនាំនៃវិទ្យាស្ថានបូលីណូទាំងអស់ ត្រូវបន្តអភិរក្ស និងអភិវឌ្ឍវិទ្យាស្ថានទៅតាមគោលការណ៍ បីតាស្ថាបនិក ឯកឧត្តម អួន សាបូ ព្រោះថានេះ ជាស្នាដៃដែលឯកឧត្តមបានបន្សល់ទុកមក អ្វីដែលសំខាន់នោះ គឺលោកស្រឡាញ់ និងឲ្យពង្រឹងវិស័យសុខាភិបាល គឺបណ្តុះបណ្តាលធនធានមនុស្សឲ្យមានគុណភាព និងប្រសិទ្ធភាព៕