លោក ឃួង ស្រេង ជូនអ្នកទេសចរលើនាវា Westerdam ដើរទស្សនកិច្ចនៅទូទាំងរាជធានី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជូនអ្នកទេសចរជនជាតិបរទេស ដែលចុះពីនាវាទេសចរណ៍ Westerdam ទស្សនកិច្ចនៅទូទាំងរាជធានី តាមរយៈរថយន្តក្រុងសាធារណៈ ។
មន្ត្រីសាលារាជធានីភ្នំពេញ បានប្រាប់កាសែតក្នុងស្រុកឲ្យដឹងថា លោកអភិបាលរាជធានីភ្នំពេញ បាននាំជនបរទេស ដែលចុះពីនាវាទេសចរណ៍យក្ស Westerdam និងមកសម្រាក នៅសណ្ឋាគារសុខាភ្នំពេញ ដើរទស្សនកិច្ចនៅតំបន់កម្សាន្តសនៅក្នុងទីក្រុងភ្នំពេញ ដូចជាតាមដងទន្លេ មុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ ។
សូមបញ្ជាក់ថា នាវាទេសចរណ៍យក្ស Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ ត្រូវប្រមុខរាជរដ្ឋាបាលកម្ពុជា បានអញ្ញាតឲ្យចូលនៅកំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។ នាវាទេសចរណ៍យក្សនេះ បានបើកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ហើយអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភអ្នកទេសចរណ៍ទាំងនោះ អាចមានផ្ទុកវីរុសកូរ៉ូណា (Covid-19)៕