សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា

នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម Patrick Murphy បានជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ឯកឧត្តម បានធ្វើដំណើរ​ទៅគ្រប់ទិសទីទាំងអស់ រួមទាំងខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បាន​ទទួល​នូវការ​ស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅក្នុងការចូលចតរបស់នាវាទេសចរណ៍ Westerdam ដែលមានភាគច្រើនជាជនជាតិអាមេរិក នៅក្នុងនោះ។

ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចតេជោ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យនាវាទេសចរណ៍ Westerdam បានចូលចតនៅ​ខេត្តព្រះសីហនុ ។ ឯកឧត្តម បានមានប្រសាសន៍ថា នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការ​អនុញ្ញាតឱ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។ ទន្ទឹមនឹងនោះ ឯកឧត្តម បានជម្រាប​ជូន​សម្ដេចតេជោផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់សម្តេចតេជោ គឺជាកាយវិការមនុស្សធម៌ នៅពេល​ដែលមនុស្ស កំពុងតែត្រូវការចាំបាច់ ហើយឯកឧត្តមក៏បានបញ្ជាក់ជម្រាបជូនសម្ដេចតេជោផងដែរថា ជាមួយនឹង​កាយវិការនេះ ឯកឧត្តមក៏បានធ្វើការសហការជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួង​ទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តា​សំខាន់នោះគឺ នៅពេលនេះ យើងមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងក្រសួងសុខាភិបាល ហើយ​ឯកឧត្តម បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយនឹងកម្ពុជាបន្តទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ របស់ឯកឧត្តម Patrick Murphy ហើយសម្ដេចតេជោ បានមានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ពិសេស​ជាង​នេះ​ទៀត ​ការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើ​នាវាទេសចរណ៍ Westerdaនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុទេ មិនដឹងថា នាវានេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើនាវានោះ អ្នកដំណើរពិតជាមាន​បញ្ហាជាមិនខាន។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោបានបញ្ជាក់ផងដែរថា កាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវាទេសចរណ៍ Westerdam មានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូល​ចត​កាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណាជួយសង្គ្រោះអ្នកជំងឺនៅលើកនាវាទេសចរណ៍នេះ ហើយក៏​ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅក្នុងនាវានោះមិនឲ្យឆ្លងពីអ្នកជំងឺដែលមានមេរោគ Covid-19។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថា សម្ដេចបានចុះទៅដល់ខេត្តព្រះសីហនុ និងបានទៅកន្លែងនាវាចូលចត សម្ដេចតេជោពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីនាវា ដោយទឹកមុខរីករាយ ហើយខ្លះទៀត បានឱនលុតជង្គង់ទៅដី ដែលនោះគឺជាកាយវិកាមួយដែលធ្វើឱ្យសម្ដេចតេជោមានភាពតក់ស្លុតបំផុត ហើយអ្វីដែលជាកត្តាសំខាន់ពីរនោះទៀត គឺសម្ដេចតេជោបានមានប្រសាសន៍ថា អ្នកដំណើរតាមនាវា​ភាគច្រើនបានចេញពីកម្ពុជាទៅហើយ ដោយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់​ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី និងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានមេរោគ Covid-19 ទេ ហើយអ្នកដំណើរដែលបានទៅដល់​ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ និងក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះផងដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូនេស៊ី ប្រមាណ ២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រី​ក្រសួ​ង​ការ​បរទេសឥណ្ឌូនេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង