” ថ្នាំញៀន ថ្នាំឆ្កួត “ចាប់ខ្លួនកូនប្រុសលោកអនុប្រធានមន្ទីរពន្ធនាគាខេត្តកណ្ដាលម្នាក់ និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធករណីចែកចាយថ្នាំញៀន
ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់លោកអនុប្រធានពន្ធនាគារខេត្តកណ្តាល ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មប្រចាំក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័ស្សនាម “ក្រុមស្រមោច” សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិមូលដ្ឋាន ធ្វើការចុះបង្ក្រាប ឃាត់ខ្លួនជាបន្ដបន្ទាប់ រួមនឹងថ្នាំញៀនមួយចំនួនធំដែលគេបានទិញមកលក់ចែកចាយបន្ដនៅក្នុងក្រុងតាខ្មៅ ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះ បែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យទី១ ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថាជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល ទី២ឈ្មោះ ទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣ឈ្មោះ ហង់ ស្រីការ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ត្រី ឃុត សុធា អធិការរងទទួលផែនគ្រឿងញៀននៃអធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ថា មុនពេលកើតហេតុកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ រហ័សនាម ក្រុមស្រមោច និងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចេញល្បាតក្នុងភូមិសាស្ត្រក្រុងតាខ្មៅ តាមបណ្តាយផ្លូវជាតិលេខ២។
ពេលមកដល់ចំណុចមុខសាលាបែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះ នីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន ១កញ្ចប់តូច ក៏នាំមកអធិការដ្ឋានក្រុងតាខ្មៅដើម្បីសួរនាំតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នីម ម៉ានិត បានឆ្លើយសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានមកពីឈ្មោះ ទួត សុវណ្ណពិសិដ្ផ ដែលកុំពុងស្នាក់នៅក្នុងបន្ទប់១១០ ផ្ទះសំណាក់ឈ្មោះ បែសថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ភ្លាមៗលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់បន្ទប់១១០ ដោយមានការសហការណ៌ពីម្ចាស់ផ្ទះសំណាក់ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន ២កញ្ចប់ធំ និងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ផ នឹងឈ្មោះ ហង់ ស្រីការ បញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផ បានសារភាពថា ថ្នាំញៀននេះពិតជារបស់ខ្លួន បានទិញពីបុរសម្នាក់ដែលមិនស្គាល់ឈ្មោះនៅម្តុំក្តាន់ពីរក្នុងរាជធានីភ្នំពេញ តម្លៃ ៥០០ដុល្លារដើម្បីលក់បន្ត ចំណែកវត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ៣កញ្ចប់ធំ.តូច និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់មួយចំនួន ទូរស័ព្ទ១គ្រឿងម៉ាកNOKIAអិនចុចពិល ដែកកេះចំនួន៣ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿងម៉ាក Suzuki nex ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ 1HQ-4031 លុយចំនួន ៤៩ ០០០រៀល និងកាបូបដៃសម្រាប់ដាក់ថ្នាំញៀនចំនួន១ ។
ចំពោះជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបានយកមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាតការតាមនីតិវិធីច្បាប់៕