សាកលវិទ្យាល័យ អន្តរជាតិ បើកកម្មវិធីសិក្ខាសាលាស្តីពីភាពជោគជ័យនៃឧស្សាហកម្មឱសថនៅក្នុងប្រទេសកម្ពុជា
ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ មហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ មានបើកកម្មវិធីសិក្ខាសាលាស្តីពីភាពជោគជ័យនៃឧស្សាហកម្មឱសថ នៅក្នុងប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការសាកលវិទ្យាល័យ អន្តរជាតិ ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង សាស្រ្តាចារ្យជំនួយ ព្រមទាំងមានការអញ្ជើញចូលរួមពីឱសថការីតំណាងរោងចក្រផលិតឱសថ IPF និង ក្រុមហ៊ុន Sanofi Cambodia Co., Ltd ព្រមទាំងនិស្សិតឱសថសាស្រ្តប្រមាណជាង ៥០០នាក់ ។
សាស្រ្តាចារ្យជំនួយ សុខ វណ្ណា មានប្រសាសន៍ថា ការបើកឲ្យមានសិក្ខាសាលាស្តីពីភាពជោគជ័យនៃឧស្សាហកម្មឱសថសាស្ត្រនេះ គឺលើកទី ៨ហើយ លើកនេះមាននិស្សិតជាង ៥០០នាក់ នេះជាទំលាប់ នៃនិស្សិតមហាវិទ្យាល័យឱសថសាស្ត្រ នៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានរៀនចប់ហើយ តែងតែបើកសិក្ខាសាលានេះឡើងដើម្បីផ្តល់បទពិសោធន៍ និងចំនេះវិជ្ជា ដល់ប្អូនៗ និស្សិតជំនាន់ក្រោយ ជាពិសេសជាការំលឹកដល់គុណគ្រូជាសាស្ត្រាចារ្យ។
ឯកឧត្តមសាស្ត្រាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការសាកលវិទ្យាល័យ អន្តរជាតិ បានលើកឡើងក្នុងអង្គសិក្ខាសាលាថា គោលបំណងសិក្ខាសាលានេះគឺ បង្កើតឲ្យមានអ្នកស្រាវជ្រាវវេជ្ជសាស្ត្រ ឱសថសាស្ត្រ ការមកជួបជុំគ្នា ក៏ជាការផ្លាស់ប្តូរនិងចែករំលែកនូវបទពិសោធន៍ និងជាការស្រាវជ្រាវពាក់ព័ន្ធថ្នាក់ជាតិ ក្នុងតំបន់ និងសកល សំដៅលើកកំពស់គុណភាពវិស័យសុខាភិបាល និងការស្រាវជ្រាវផ្នែកឱសថគ្រប់ប្រភេទ ៕